កំពង់ចាម៖ឯកឧមត្ត អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម ប្រារព្ធពិធី ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ៦៩ យាងចូល ៧០ព្រះវស្សា ដែលពិធីនោះ បានប្រមូលផ្ដុំគ្នា នៅសាលសន្និសីទសាលាខេត្ត នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម បានអានសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា ដែលប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលទ្រង់បានបំពេញព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និងជាព្រះរាជអគ្គមគ្គទេសក៍ពេញដោយព្រះគតិបណ្ឌិតឈ្លាសវៃ ហើយក្រោមព្រះរាជកិច្ចដ៏ឧត្ដុងឧត្ដម និងក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះករុណជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិមានសុខសន្តិភាព មានភាពរីកចំរើនលើគ្រប់វិស័យ កិត្យានុភាពជាតិ ក៏ត្រូវបានលើកកម្ពស់ និងល្បីល្បាញលើសកលលោក ប្រជារាស្ត្ររស់នៅ ក្នុងជីវភាពរីកចំរើន សម្បូរសប្បាយឥតឈប់ឈរ ។
សាលិខិត្តបានបញ្ជាក់ទៀតថា នាឱកាសដ៏មហានក្ខត្តឫក្ស ឧត្ដុងឧត្ដមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំង ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ ។
គូសបញ្ជាក់ផងដែរថា នាឱកាសប្រារព្ធពិធីចម្រើនព្រជន្មនេះដែរ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ក៏បាននិមន្តព្រះសង្ឃ ចំនួន ០៩អង្គ ដើម្បី ចំរើនព្រះបរិត្ត និងសូត្រជ័យពុទ្ធមង្គល ថ្វាយដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ផងដែរ ៕