ក្រុមកីឡាករ កីឡាការិនីកម្ពុជាលើ២ប្រភេទកីឡា គឺ កីឡាជឺជីតស៊ូ និងវូស៊ូដណ្តើមបានមេដាយសំរឹទ្ធិដូចៗគ្នាសរុប៤គ្រឿង កាលពីល្ងាចថ្ងៃ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ប្រភេទកីឡាជឺជីតស៊ូ ដណ្តើមបានដោយកីឡាការិនី ម៉ាប់ សុខហួយ លើវិញ្ញាសា NO-GI ទម្ងន់ ៤៥គីឡូក្រាម ខណៈបេក្ខភាពកីឡាការិនីដ៏ឆ្នើមបំផុតរបស់កម្ពុជា គឺកីឡាការិនីកូនខ្មែរ-អាមេរិក ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសអាស៊ី ASIAN Games ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ៊្វីលីពីន កាលពីឆ្នាំ២០១៩ បានបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងមេដាយ ដោយសារលើសទម្ងន់ ២៤០ក្រាម។ ប្រភេទកីឡាជឺជីតស៊ូបានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ ដោយបញ្ជូនកីឡាការិនីតែ២នាក់ប៉ុណ្ណោះ ហើយប្រកួតបានតែម្នាក់ ម៉ាប់ សុខហួយ ឈ្នះមេដាយសំរឹទ្ធិ។
ដោយឡែកប្រភេទកីឡា វូស៊ូកម្ពុជា ដែលដណ្តើមបានមេដាយ៣គ្រឿងនេះ រួមមាន៖
១-កីឡាការិនី ផាត់ ដានី ទម្ងន់៥២គឡូក្រាម,
២-កីឡាករ មុំ សាមិត្តប្រាំពីរកែវ ទម្ងន់៥៦គីឡូ ក្រាម, និង៣-កីឡាករ ម៉ៅមុយចន្ថាឫទ្ធិ ទម្ងន់៦០គីឡូក្រាម។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី១៦ ខែឧសភានេះ មេដាយដែលកម្ពុជាដណ្តើមបានសរុបចំនួន១៥គ្រឿង ក្នុងនោះ មេដាយមាស១ ដោយប្រភេទកីឡាឃីកបុកស៊ីង ប្រាក់៤ លើប្រភេទកីឡាឃីកបុកស៊ីង៣ និងប៉េតង់១ និងសំរឹទ្ធិ១០គ្រឿង សរុបមានមេដាយចំនួន១៥គ្រឿង និងឈរនៅលេខរៀងទី៨បណ្តោះអាសន្ន ក្នុងចំណោមប្រទេស១ ១នៃអាស៊ីអាគ្នេយ៍ ខណៈម្ចាស់ផ្ទះវៀតណាមបន្តក្តោបក្តាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងមេដាយមាសច្រើនលើសដាច់ឆ្ងាយពីក្រុមលេខ២ ប្រទេសថៃ ដែលខុសគ្នានឹងចំនួនមេដាយមាសជិត៣ដង៕