ដើម្បីធ្វើអោយវិស័យសុខាភិបាល នៅតាមទីជនបទអោយកាន់តែមានភាពប្រសើរឡើងថែមទៀតនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ: ឧកញ៉ា ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី បាននាំយកនូវ រថយន្តពេទ្យសង្គ្រោះបន្ទាន់ ១ គ្រឿង ប្រគល់ជូនដល់មណ្ឌលសុខភាពកោះសូទិន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នាសាលាបឋមសិក្សាកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
រថយន្តពេទ្យសង្គ្រោះបន្ទាន់ជាអំណោយទី៤៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាំយកមកធ្វើពិធីប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជូនបន្តដល់ មណ្ឌលសុខភាពកោះសូទិន សម្រាប់បំពេញតម្រូវការសេវាសាធារណៈ ដែលជារឿងចាំបាច់ ពិសេស ផ្នែកសុខាភិបាល ជាសេវាសំខាន់បំផុតមិនអាចខ្វះបាន ។
ឯកឧត្តម ខៀវ កាញារីទ្ធ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយក មន្ត្រី ហ៊ុន សែន តាមរយ: លោកឧកញ៉ាបណ្ឌិត ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ដែលប្រគល់ជូននូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ ១ គ្រឿង ដល់មណ្ឌលសុខភាពកោះ សូទិន ទុកសម្រាប់ដឹកប្រជាពលរដ្ឋ ពេលមានបញ្ហាត្រូវធ្វើការសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យ ។
បន្ទាប់ពីពិធី ប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់១ គ្រឿង នេះរួចមក ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បាន អញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ នៅក្នុងឃុំ ទាំង ៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍លើកឡើងដោយលោកស្រី ស៊ុន ចន្ថា មេឃុំ កោះសូទិន និងលោក យី វណ្ណ: អភិបាលស្រុកកោះសូទិន និង ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមកាងារចុះមូលដ្ឋានឃុំ កោះសូទិន ថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រួមទាំងក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដែលបានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំកោះសូទិន រួចមក ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៏លើកឡើងថា ក្នុងរយ:ពេលកន្លងមកនេះ ក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៍នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។
កម្មវិធីនៃការផ្តល់សេវា នាឱកាសនេះ រួមមាន ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ដល់ ចាស់ៗ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានជម្រាបជូនថា ដោយសារពេលនេះជា រដូវឥឡូវភ្លៀងធ្លាក់ ទើបក្រុមគ្រូពេទ្យ បានចុះមកពិនិត្យព្យាបាលជំងឺក្នុង១សប្តាហ៍ ២ ថ្ងៃ គឺថ្ងៃសៅរ៍ និង អាទិត្យ ដោយក្នុង១ថ្ងៃ ធ្វើក្នុង ១ ឃុំ រួមជាមួយការចាក់វ៉ាក់បង្ការជំងឺកូវីដ ជូនប្រជាពលរដ្ឋ និងកុមារ ផងដែរ។ ដូច្នេះជាជំហ៊ានបន្តទៀត ធ្វើក្នុង ១ ខែម្តង ប៉ុន្តែមិនមែនចាំពេលមានជំងឺទើបក្រុមគ្រូពេទ្យស្មគ្រ័ ចុះមកពិនិត្យព្យាបាលនោះទេ គឺនៅតាមឃុំ មានមណ្ឌលសុខភាព ហើយស្រុកក៏មានមន្ទីរពេទ្យបង្អែក និងមានឡានពេទ្យសង្គ្រោះបន្ទាន់ ចំនួន ២ សម្រាប់ជួយដឹកជញ្ជូនអ្នកជំងឺនៅពេលមានតម្រូវការចាំបាច់បន្ទាន់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថានូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា ទោះបីយើងមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ យើងមានពេទ្យព្យាបាលជំងឺ ក្តី តែបងប្អូនប្រជាពលរដ្ឋ មិនត្រូវភ្លេចថែរក្សាអនាម័យ សុខភាពអោយបានល្អ ព្រោះថាការរក្សាអនាម័យសម្រាប់ខ្លួនយើងម្នាក់ៗបានត្រឹមត្រូវ គឺំចំណេញពេលវាលា និងមិនចំណាយថវិកាទិញថ្នាំលេប ទៅព្យាបាលជំងឺ ពិសេសបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ អោយបានត្រឹមត្រូវ ។
ជាការកត់សម្គាល់ដែរថា ក្រៅពីការពិនិត្យព្យាបាលជំងឺនៅទីនេះ សម្រាប់តែ អ្នកមានជំងឺស្រាលតែប៉ុណ្ណោះ តែបើជំងឺធ្ងន់គឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន ដែលជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានយកមកប្រចាំការជាប់។
ក្នុងកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិស្សិតគិលាននុបដ្ឋាក ដែលតែងតែបានចូលរួមឈឺឆ្អាលគ្រប់ពេល ដោយស្មគ្រ័ចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ។
គួររំលឹកដែរថា យុទ្ធនាការចុះពិនិត្យ ព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ចាប់ផ្តើមឡើងកាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២២ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន ៥៨ នាក់ ក្នុងនេះ ១៣ នាក់ មានវត្តមានជាប្រចាំគឺ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ចំនួន ៤ នាក់ ។ រីឯ ៤០ នាក់ទៀត ជាគិលានុបដ្ឋាកយិកា ឆ្មប នៅមន្ទីរពេទ្យស្រុកកោះសូទិន មណ្ឌលសុខភាពទាំង ៧ និងបុគ្គលិកការិយាល័យ សុខាភិបាលស្រុកកោះសូទិន ។
សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យព្យាបាលជំងឺត្រូវ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ផ្តល់ជូននូវថវិកា សម្រាប់បំពេញការងារ ក្នុង១ ឃុំ ៥ លានរៀល សរុប ៨ ឃុំ អស់ចំនួន ៤០ លានរៀល។
នៅក្នុងឱកាសនោះដែរ ប្រធានក្រុមការងារ គ្រូពេទ្យស្មគ្រ័ចិត្ត សូមថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និង ឯកឧត្តម ប្រធានក្រុមការងារចុះជួយទាំង ៨ ឃុំ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យ សម្រាប់ជាមធ្យោ បាយ សម្ភារៈ និង ឱសថ ផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ដូច្នេះ ការចូលរួមទាំងនេះ ជាកំលាំងសក្តានុពលលើកទឹកចិត្ត អោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់គ្នា កាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៍ បន្តទៀត តាមការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ ៕