កំពង់ចាម៖នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ ជិត១,០០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែឩសភា ឆ្នាំ២០២២ នេះនៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ធនធានមនុស្សមានសារ:សំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសរបស់យើងឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាសុខសន្តិភាពនៅខាងដើម។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា តាមរយៈកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនខ្លាំង ព្រមទាំងសិស្សានុសិស្ស សប្បាយចិត្ត នៅក្នុងការខិតខំរៀនសូត្រ។ រីឯគ្រូបង្រៀន ក៏បានបំពេញកាតព្វកិច្ចជាគ្រូល្អ នៅតាមបណ្ដាសាលា និងថ្នាក់រៀនរបស់ខ្លួន ដែលប្រការនេះ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបានលទ្ធផលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅ ទទួលបាននិទ្ទេស A រហូតដល់ទៅ ៣២ នាក់ ហើយលទ្ធផលទាំងនោះ ជាការចូលរួមចំណែកទាំងអស់គ្នា របស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡា បានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហា លោកគ្រូ អ្នកគ្រូបានខិតខំបង្រៀនសិស្ស ដោយយកចិត្តទុកដាក់ ដែលទាំងអស់នេះហើយ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧមត្តអភិបាលខេត្ត បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្នុងនោះមានវិស័យ ផ្លូវ,ទឹក,ភ្លើង,និងមនុស្ស ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី ១វិញ ពីព្រោះវិស័យធនធានមនុស្សនេះសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន បន្ទាប់ពីប្រទេសជាតិរបស់យើង មានសុខសន្តិភាពពេញលេញ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕