នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ម៉ែន គុង អនុប្រធានប្រចាំការ យុវជនគណបក្សខេត្តស្ទឹងត្រែង តំណាង ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា។
លោក ម៉ែន គុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។
លោក ហ៊ុត កុសល តំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ នាំយកនូវអំណោយរួមមាន ៖
អង្ករចំនួន ៥ តោន មីចំនួន ២៥០ កេស ត្រីខចំនួន ២៥០ យួរ Covid-19 Test Kits ចំនួន ១,៥០០ និងថវិកាចំនួន ១០ លានរៀល ប្រគល់ជូនឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ។
ក្នុងនាមតំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា លោក ហ៊ុត កុសល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក អនុប្រធានប្រចាំការ ក្រុមការងារយុវជនគណបក្សខេត្តស្ទឹងត្រែង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ធ្វើឱ្យប្រទេសកម្ពុជាទទួលបានលទ្ធផលល្អប្រសើរចំណាត់លេខ ២ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានជោគជ័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។