ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ប្រមាណជាង ៤,០០០នាក់ ធ្វើពិធីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងក្រុងកំពង់ចាម ដែលមានសង្កាត់ ចំនួន៤ រួមមាន÷
-សង្កាត់កំពង់ចាម -សង្កាត់បឹងកុក -សង្កាត់វាលវង់ និងសង្កាត់សំបូរមាស។
ឆ្លៀតឱកាសនេះឯកឧត្តម ប្រធានគណបក្សខេត្ត បានថ្លែងសារនយោបាយដែលមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ នឹងការថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងទ្វេរឡើង។
បន្ទាប់មក ឯកឧត្តមប្រធាន រួមនឹងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អញ្ជើញដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត តាមបណ្តាសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ប្រកបដោយភាពរលូត និងការសាទរពីបងប្អូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាន។