បាត់ដំបង៖នៅរសៀលថ្ងៃ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តម សុខ លូ អភិ បាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាត់ដំបង បានបន្តជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ សង្កាត់អូរចារ ក្រុងបាត់ដំបង ចំនួន ២០០២៣ ក្នុងនោះនៅភូមិអូរចារ ១ ១៩៥នាក់ និង ភូមិអណ្ដូងចេញ ចំនួន ៨២៨នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ដែលសម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងជានិច្ច និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ចូលថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត រស់នៅស្អាត និងពិសាទឹកស្អាត និងត្រូវបន្តសម្អាតបរិស្ថាន សណ្ដាប់ធ្នាប់ផ្ទះឱ្យបានស្អាតជានិច្ច ។
ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ឬដូសជំរុញរួចរាល់ សូមរួសរាន់ទៅបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ក្រោយរយៈពេល៣-៤ខែ បន្ទាប់ពីចាក់ដូសទី៣រួចរាល់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ ឬអាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩បានភ្លាមៗ ដោយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការរៀបចំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ -១៩ នៅទីកន្លែងសំណេះសំណាលផ្ទាល់តែម្ដង នៅឯផ្សារទំនើប ភួ ពុយ ប្រជាពលរដ្ឋមិនពិបាកវិលត្រឡប់មកចាក់សារជាថ្មីម្ដងទៀត ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសន្ដិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចខិតខំស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីប្រទេសមានសុខសន្ដិភាព ហើយបើសិនជារក្សាបាននូវសុខសន្ដិភាពនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន អភិវឌ្ឍន៍ឈានទៅមុខបន្តទៀត ជាពិសេសនឹងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០ខាងមុខនេះ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍បន្តទៀតថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ ។ សម្រាប់ប្រជាពលរដ្ឋណាដែលគ្មាន ឬបាត់អត្តសញ្ញាណប័ណ្ណ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូន ឬដើម្បីរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់ត្រៀមលក្ខណៈក្នុងការងារបោះឆ្នោតខាងមុខនេះ ព្រោះបើគ្មានអត្តសញ្ញាណប័ណ្ណទេ ក៏មិនអាចបោះឆ្នោតបានដែរ៕