ប្រភេទកីឡាចំបាប់កម្ពុជាបានបញ្ចប់បេសកកម្មការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមហើយ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២២០២២ ដោយដណ្តើមបានមេដាយសរុបចំនួន៦គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤គ្រឿង។
ចំពោះមេដាយមាស១គ្រឿងដណ្តើមបានដោយកីឡាករ ស៊ូ បាលី លើវិញ្ញាសាបុរស Freestyle ទម្ងន់១២៥គីឡូក្រាម ក្រោយឈ្នះកីឡាករឡាវ ក្នុងពិន្ទុ ១០-០ ខណៈមេដាយប្រាក់ដណ្តើមបានដោយកីឡាករ ម៉ូ សារី លើវិញ្ញាសាទម្ងន់ ៩៧គីឡូក្រាម ក្រោយយកឈ្នះកីឡាករហ្វីលីពីន ក្នុងពិន្ទុ ១០-០។ សម្រាប់មេដាយសំរឹទ្ធ៤គ្រឿង ដណ្តើមបានដោយកីឡាការិនី ជា កញ្ញា លើប្រភេទកីឡាចំបាប់ វិញ្ញាសា Freestyle ទម្ងន់ ៦២គីឡូក្រាម, កីឡាការិនី ឌិន សំណាង លើប្រភេទកីឡាចំបាប់ វិញ្ញាសា Freestyle ទម្ងន់ ៥០គីឡូក្រាម, កីឡាករ សឿន សុភាស់ លើប្រភេទកីឡាចំបាប់ ក្រោយចាញ់កីឡាករម្ចាស់ផ្ទះវៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសា Freestyle ទម្ងន់ ៥៧គីឡូក្រាម។ កីឡាករ ហេង វុទ្ធី ទទួលបានមេដាយសំរឹទ្ធ លើប្រភេទកីឡាចំបាប់ ក្រោយយកឈ្នះកីឡាករហ្វីលីពីន Julius ក្នុងពិន្ទុ ៦-០ លើវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម។
ជាមួយគ្នានោះ ភ្លេងជាតិ និងទង់ជាតិកម្ពុជាត្រូវប្រារព្ធឡើងប្រកបដោយមោទកភាពភាពជាតិ ក្នុងឱកាសពិធីបំពាក់មេដាយមាសជូនកីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានឈ្នះមេដាយមាស១គ្រឿង ក្នុងទម្ងន់ ១២៥គីឡូក្រាម ដោយពិធីបំពាក់មេដាយមាសនេះអញ្ជើញផ្តល់កិត្តិយសប្រគល់ជូនដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា និងជាប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា។
ថ្លែងក្រោយបញ្ចប់ការប្រកួត លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថាន ខេមអេដ (CamEd Business School) និងជាអនុប្រធានកីឡាចំបាប់កម្ពុជាទទួលបន្ទុកប្រធានដឹកនាំក្រុមកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា ប្រភេទកីឡាចំបាប់បានបញ្ចប់ការប្រកួតទាំងស្រុងហើយ ដោយប្រភេទកីឡាចំបាប់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង សរុប៦គ្រឿងនៃដំណើរការប្រកួត រយៈពេល៣ថ្ងៃនេះ។
លោក Casey Barnet បានបង្ហាញក្តីរីករាយ ដែលកីឡាករ កីឡាការិនីចំបាប់កម្ពុជាបានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពដោយដណ្តើមបានមេដាយទាំង៣កម្រិត យកទៅជូនជាតិ។ លោកបន្ដថា បន្ទាប់ពីស៊ីហ្គេម នៅប្រទេសវៀតណាមនេះទៅ គឺចំបាប់កម្ពុជាមានយុទ្ធសាស្ត្រសម្រាប់គោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ដោយយើងនឹងបន្ថែមចំនួនប្រភេទទម្ងន់ឱ្យបានច្រើន ជាពិសេសគឺលើប្រភេទម្ងន់ស្រាល។ ចំណែកឯកីឡាករ ដែលខ្លាំងៗយើងនឹងដាក់ឱ្យប្រកួតទាំងពីរប្រភេទ គឺចំបាប់ Greco Roman និង Free style។ ជាមួយគ្នានេះ លោកអនុប្រធានរូបនេះបានដាក់ក្តីសង្ឃឹមខ្ពស់ថា ក្នុងពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ប្រភេទកីឡាចំបាប់នឹងដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធបានច្រើនជាងស៊ីហ្គេម លើកទី៣១នេះជាក់ជាមិនខាន។
ទោះជាយ៉ាងណា លោក Casey Barnet បានចាត់ទុកថា នេះជាលទ្ធផលល្អមួយ សម្រាប់ប្រភេទកីឡាចំបាប់កម្ពុជា។ លោកបានបន្ថែមថា «ខ្ញុំពិតជារីករាយណាស់ ដែលកីឡាករ កីឡាការិនីចំបាប់កម្ពុជាបានតស៊ូ និងឆ្លងកាត់ការលំបាកយ៉ាងច្រើន ទាំងពេលហ្វឹកហាត់ត្រៀម និងប្រកួតដណ្តើមបានលទ្ធផលល្អនាពេលនេះ»៕