ខេត្តត្បូងឃ្មុំ ខែឧសភា ឆ្នាំ២០២២–
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ដែលពិធីនេះប្រព្រឹត្តទៅក្រោមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
សមិទ្ធផលដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ រួមមាន៖ អាគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន១២បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របងខ្លោងទ្វារថ្មី និងការជួសជុលអាគារសិក្សាចាស់ចំនួន៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។
សូមជម្រាបជូនដែរថា សមិទ្ធផលទាំងអស់ដែលសម្ពោធ គឺជាចំណងដៃថ្មីមួយទៀត របស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលបានចូលរួមអភិវឌ្ឍន៍យ៉ាងច្រើន ជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់ ជារៀងរហូតមកទំាងខាងវិស័យពុទ្ធចក្រ និងអាណាចក្រ មានវត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ប្រឡាយទឹករួមនិងលំនៅដ្ឋានជាដើម។