ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២–នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៃការប្រកួកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កម្ពុជាបានឈ្នះមេដាយបន្ថែមសរុបចំនួន៧គ្រឿង ក្នុងនោះមាន មាស១ ប្រាក់១ និងសំរឹទ្ធ៥ សរុបមេដាយចំនួន ៥៧គ្រឿង ខណៈ២ប្រភេទកីឡាគឺបាល់ទះក្នុងសាល និងកីឡាកាយសម្ព័ន្ធបានឈ្នះមេដាយជាប្រវត្តិសាស្ត្រដំបូង ក្នុងប្រវត្តិចូលរួមប្រកួតស៊ីហ្គេម កន្លងមកដល់ពេលនេះ។
ការឈ្នះបន្ថែមនៅថ្ងៃនេះដំបូងគេ គឺលើប្រភេទកីឡាកាយសម្ព័ន្ធ ដោយកីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ លើក្រុមលេខ៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ខណៈម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨។ ដោយឡែកកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបាន ១៨.៤៥០ពិន្ទុ តាមពីក្រោយម្ចាស់មេដាយមាស ថៃ រកបាន ១៩.៦០០ពិន្ទុ, ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ ហ្វីលីពីន ១៧.៤០០ពិន្ទុ។
ចំពោះប្រភេទកីឡាវ៉ូវីណាមរកមេដាយបាន៣គ្រឿងបន្ថែម ដោយកីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា ឈ្នះមេដាយមាស ក្នុងវិញ្ញាសាសម្ដែងជាក្រុម ការពារខ្លួនកាំបិតធំបុរស ២នាក់ ដោយរកបាន ២៦៩ពិន្ទុ ដាច់ម្ចាស់ផ្ទះវៀតណាម ដែលរកបានត្រឹម ២៦៤ពិន្ទុ។ ដោយឡែកកីឡាករ ទិន ឌិន ទទួលបានមេដាយសំរិទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាប្រយុទ្ធបុរស ៥៥គីឡូក្រាម។ សម្រាប់មេដាយ សំរឹទ្ធ១គ្រឿងទៀត រកបានដោយកីឡាករ សៀន ចាន់ហួត លើវិញ្ញាសាមេគុណដំបង ឯកត្តជនបុរស ដោយទទួលបានពិន្ទុ ២៥៩ ក្រោមម្ចាស់មេដាយប្រាក់ មីយ៉ាន់ម៉ា (២៦៤) និងម្ចាស់មេដាយមាស ឡាវ (២៦៨)។
ដោយឡែកសម្រាប់ប្រភេទកីឡាបាល់ទះកម្ពុជា ក៏ដណ្ដើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រដំបូងផងដែរ បន្ទាប់ពីបានប្រកួតឈ្នះក្រុមថៃ ក្នុងលទ្ធផល ៣សិតទល់២ នៅវគ្គ ដណ្ដើមមេដាយសំរឹទ្ធ។ នេះក៏ជាឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ជម្រើសជាតិបាល់ទះកម្ពុជា នៅស៊ីហ្គេមផងដែរ ចាប់ តាំងពីចូលរួមនៅឆ្នាំ១៩៧៧មក។
គួរបញ្ជាក់ថា នេះជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដោយគិតត្រឹមថ្ងៃនេះ កម្ពុជាឈ្នះមេដាយមាស៨គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ៣៩គ្រឿង (បំពាក់មេដាយផ្លូវការ និងមិនទាន់បំពាក់ផ្លូវការ) សរុប ៥៧គ្រឿង។ ចំណែកមេដាយសរុបកាលពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺកម្ពុជាដណ្តើមបានសរុប ៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៣៦គ្រឿង។ ដោយឡែកបើគិតតែលើមេដាយមាស គឺស៊ីហ្គេមពីរលើក ចុងក្រោយនេះ កម្ពុជាបានបង្កើនចំនួនមេដាយមាស២ដង ខណៈអ្នកជំនាញកីឡាកម្ពុជា បានចាត់ទុកថា នេះជាក្តីសង្ឃឹមយ៉ាងមុតមាំមួយ ក្នុងឧត្តមភាពបច្ចេកទេសស្វែងរកមេដាយឱ្យកាន់តែច្រើន ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រលើក ដំបូង៕