ត្បូងឃ្មុំ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ជុំ ស ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។
ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរ-អង្គភាពជុំវិញខេត្ត។
ក្នុងឳកាសនោះ ឯកឧត្តម ជុំ ស បានឡើងធ្វើរបាយការណ៍សង្ខេបនូវសមិទ្ធិលអគារសាលាដំបូង និងលទ្ធផលការងារយ៉ាងច្រើនដែលសាលាដំបូងត្បូងឃ្មុំ អនុវត្តន៍បានក្នុងវិស័យយុត្តិធម៍។
ឯកឧត្តម ជា វណ្ណៈ បន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងត្បូងឃ្មុំ បានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកអតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេស សង្ឃឹមថា លោក ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មី បន្តសហការ និងមានទំណាក់ទំនងល្អលើវិស័យយុត្តុធម៍ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ លោក ជា វណ្ណៈ អតីតប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ ទន្ទឹមនេះលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ជុំ ស ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កើត រិទ្ធ ក៏បានថ្លែងអំណរគុណជូនចំពោះ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក។
ហើយឯកឧត្តម រដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបន្តទៀត ជាពិសេសជាមួយ លោក ជា វណ្ណៈ ដែលជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕