សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋបាលឃុំ- សង្កាត់ ត្រូវបន្ដនិរន្ដរភាពការងាររបស់ខ្លួនឱ្យបានល្អ បន្ដទៅទៀត រហូតដល់មេឃុំថ្មី ក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង ក្រោយការបោះឆ្នោត ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រដ្ឋបាលឃុំ-សង្កាត់ ត្រូវតែធានារក្សាសន្ដិសុខ សុវត្ថិភាព ភូមិ ឃុំ សង្កាត់ជូនប្រជាពល រដ្ឋ ប្រកបដោយភាពកក់ក្ដៅ ហើយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អរហូត ដល់មេឃុំថ្មី ក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង ក្រោយការបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។
បន្ថែមពីនេះទៀត សម្តេចក្រឡាហោម បានបញ្ជាក់ថាគ្រប់គណបក្សនយោបាយទាំងអស់ ទាំង១៧គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង សូមមេត្តាធ្វើ សកម្មភាពឱ្យបានត្រឹមត្រូវ តាមច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោត ដើម្បីយើងរួម គ្នាកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យល្អប្រសើរ។
« ប្រជាពលរដ្ឋត្រូវមើលឃើញ អ្នកនេះល្អ គណបក្សនេះល្អ ដឹកនាំបន្តទៅទៀត ផ្ទេរអំណាចទាំង ឡាយ ជូនប្រជាពលរដ្ឋ។គាត់ត្រូវធ្វើគណនេយ្យភាព ត្រូវការធ្វើទូទាត់ ឬទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ មុនគេ ហើយគឺជាប្រជាពលរដ្ឋបោះឆ្នោតឱ្យគាត់ ។ អ៊ីចឹងប្រព័ន្ធគ្រប់គ្រង របស់យើងគឺប្តូរចឹង កាលពីមុនចៅហ្វាយ ស្រុកតែងតាំង គឺដឹងគុណតែចៅហ្វាយស្រុក ចេញចូលផ្ទះចៅហ្វាយស្រុកព្រឹកល្ងាច ឥឡូវមិនមែនចឹងណាគឺប្រជាជន អ៊ីចឹងគឺត្រូវចេញ ចូលផ្ទះប្រជាជន ព្រឹកល្ងាច ។ របបធ្វើការអាកប្បកិរិយា ធ្វើការងាររបស់យើង ធ្វើម៉េចចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយនាយ ជាសេ្តច យើងត្រូវបម្រើគាត់។យើង មិនត្រូវចាត់ទុកគាត់ ប្រជាពលរដ្ឋជាបាវព្រាវ យើងជាអ្នកធំ យើងជាសេ្តចទេ អត់ទេ បែបនេះគឺខុសហើយ» ។
សម្តេច ក្រឡាហោម ក៏បានអំពាវនាវម្តងហើយម្តងទៀត ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែកឱ្យដំណើរការបោះ ឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយបរិយាកាសល្អ សុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ៕