នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិការ និងអាជ្ញាធរក្នុងមូលដ្ឋាន អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់បាក់ទំនប់ ចំនួន ១៧៦ គ្រួសារ នៅក្រុមហ៊ុនចំការចេកហ័ងអាញ់ស្ថិត ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
លោក សេក ហៃ អភិបាលស្រុកកូនមុំបានជម្រាបជូនថា កាលពីថ្ងៃទី ១៨ ខែ ឧសភាឆ្នាំ ២០២២ កន្លងទៅមានករណីទឹកជន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុមហ័ងអាញ់ តែមិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចំការចេកដោយសារក្រុមហ៊ុនបានស្តុបទឹកទុក។
ប៉ុន្តែដោយសារមេឃមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ ជាហេតុធ្វើឲ្យទឹកហូរគ្របមកលិចផ្ទះសម្បែងរបស់ប្រជាជនត្រឹមតែ២ម៉ោងប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់។ ភ្លាមៗនោះអាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋទាន់ពេល មិនឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គ្រាន់តែខួចខាតផ្ទះសម្បែងជាង១០០ផ្ទះ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ែម សំអឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មិនត្រូវឱ្យពួកគាត់លេងទឹក ដែលអាចនាំអោយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសេរពិស និងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់ផងដែរ។
អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង ១៧៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ មុង១ ភូយ១ សារុង១ ក្រមា១ និងជែលលាងដៃ១ដប៕