សារព័ត៌មាន Cumhuriyet បានរាយការណ៍ថា កិច្ចចរចារវាងមន្ត្រីតួកគី និងគណៈប្រតិភូមកពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ស្តីពីការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសទាំងពីរនេះ បានចាប់ផ្តើមនៅវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃពុធ។
សារព័ត៌មាននេះបាននិយាយថា នៅក្នុងកិច្ចពិភាក្សានោះ ប្រទេសតួកគីត្រូវបានតំណាងដោយអ្នកនាំពាក្យប្រធានាធិបតី លោក អ៊ីប្រាហ៊ីម កាលីន និងអនុរដ្ឋមន្ត្រីការបរទេស លោក សេដាត អូណល។
កាលពីថ្ងៃទី១៨ ខែឧសភា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងស៊ុយអែតប្រចាំនៅអង្គការណាតូ លោក ក្លូស កូរហូណេន និងលោក អាឡិច វនហូហ្វ បានប្រគល់ពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសរបស់ពួកគេដល់អគ្គលេខាធិការនៃសម្ព័ន្ធភាព លោក ហ្សង់ស៍ ស្តូលលេនបឺក។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុងមូស្គូកាលពីថ្ងៃទី១៦ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងសងសឹកប្រឆាំងនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ក្នុងពេលជាមួយគ្នានោះ មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា ការទទួលយកប្រទេសហ្វាំងឡង់ និងស៊ុយអែតជាសមាជិករបស់អង្គការណាតូ នឹងមិនបង្កការគំរាមកំហែងដោយផ្ទាល់ណាមួយដល់រុស្ស៊ីទេ ព្រោះទីក្រុងមូស្គូមិនមានបញ្ហាជាមួយប្រទេសទាំងនោះទេ។
កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បាននិយាយថា ទីក្រុងអង់ការ៉ានឹងមិនគាំទ្រសមាជិកភាពរបស់អង្គការណាតូសម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់ទេ លុះត្រាតែប្រទេសទាំងពីរពិនិត្យមើលឡើងវិញនូវគោលជំហររបស់ពួកគេទៅលើអង្គការភេរវករ រួមទាំងគណបក្សពលករឃឺដ (PKK) ដែលត្រូវបានកំណត់ដូចនៅក្នុងប្រទេសតួកគី។ មេដឹកនាំតួកគីរូបនេះបានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីថ្ងៃទី១៦ ខែឧសភា នៅពេលដែលលោកបាននិយាយថា លោកប្រឆាំងនឹងការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ ដោយសារការបដិសេធក្នុងការធ្វើបត្យាប័នទៅលើបុគ្គលដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពសម្រាប់ PKK ចំពោះប្រទេសតួកគី។ ទោះបីជាយ៉ាងណាក៏ដោយ លោក អេដូហ្គែន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសតួកគីនឹងគាំទ្រដល់ទីក្រុងស្តុកខម និងទីក្រុងហ៊ែលស៊ីនគី ក្នុងការចូលរួមជាមួយអង្គការណាតូ ប្រសិនបើប្រទេសទាំងពីរបង្ហាញយ៉ាងច្បាស់នូវសាមគ្គីភាពរបស់ពួកគេជាមួយទីក្រុងអង់ការ៉ាជុំវិញបញ្ហាសន្តិសុខរបស់ខ្លួន៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)