គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងប្រមូលផល ម្នាស់ ទឹកឃ្មុំ នៅលើផ្ទៃដីជាង២ហិកតា ដែលបានដាំបង្ហាញជូនប្រជាពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគាត់ដាំដុះឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាព អ្នកភូមិរុនតាឯកឱ្យកាន់តែមានភាពល្អប្រសើរ។
លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានលើកឡើងថា គម្រោងដាំបង្ហាញម្នាស់នៅក្នុងភូមិ ចាប់ផ្តើមពីឆ្នាំ២០២១មក ដោយឆ្នាំដំបូងដាំចំនួន៦ពាន់ដើម លើផ្ទៃដីកន្លះហិកតា និងទទួលផលល្អប្រសើរ។ ដោយឃើញថាទិន្នផលល្អទើបឆ្នាំ២០២២នេះ គម្រោងបានបំបែកកូនដាំជាបន្តបន្ទាប់ ដោយពង្រីកលើផ្ទៃដីសរុប ២ហិកតាកន្លះ។
លោក ស៊ុន កែវពិសី បានបន្តទៀតថា ម្នាស់ទឹកឃ្មុំដែលបាន ដាំនេះគឺប្រើប្រាស់ជីធម្មជាតិដូចជា ជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិបែបនេះទទួលបានទិន្នផលល្អ មិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពថែមទៀតផង។ ចំណែកទីផ្សារវិញ គឺលក់នៅតាមភូមិ និងតាមបណ្តាផ្សារតូចៗនៅក្នុងមូលដ្ឋាន។ តែសម្រាប់នៅឆ្នាំនេះ យកមកលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹង សម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយមាន ការគាំទ្រច្រើនពីសាធារណជន ដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ។
សម្រាប់គម្រោងដាំម្នាស់ សាកល្បងនេះ កាលពីឆ្នាំមុនយើងបានដាំបានល្អប្រសើរ អ៊ីចឹងប្រជាជនយើងក៏គាត់មានចំណាប់អារម្មណ៍ចង់ដាំ បន្ទាប់មកគម្រោងក៏បានចែកពូជកូនម្នាស់ទៅពួកគាត់បានមួយចំនួនដែរ សម្រាប់គាត់ដែល មានចិត្តចង់ដាំ ហើយបានប្រមាណជា០៤គ្រួសារដែរ ក្នុងនោះបានចំនួន១,២០០កូន ដែលគាត់មើលឃើញយើងដាំទៅល្អគាត់ក៏មានចិត្តចង់ដាំ ហើយឃើញគេមកលើកលក់អត់មានម្នាស់ឱ្យគេគាត់ក៏ចង់ដាំដែរ។
លោក ស៊ុន កែវពិសី ក៏បានលើកឡើងពីខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីបន្តអភិវឌ្ឍន៍ភូមិនេះ ដូចជាបានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ៤ខ្សែបន្ថែម ទៀត ដែលសម្រួលដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ។
សូមជម្រាបផងដែរថា ក្រៅពីដំណាំម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ ដើម្បីបង្ហាញដល់ពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគាត់ដាំដុះឱ្យបានច្រើនបន្ថែមទៀត។ ចំពោះដំណាំម្នាស់វិញ មានប្រជាពលរដ្ឋចំនួន៤គ្រួសារហើយដែលចាប់អារម្មណ៍ដាំ ហើយគម្រោងនេះបានចែកពូជកូនសរុប ១២០០កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើកស្ទួយកម្រិតជីវភាពពួកគាត់ឱ្យមានភាពល្អប្រសើរ៕