ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ —
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដោយដូសទី៣សម្រេចបាន ៩ ១៩៥ ០៧៥ នាក់ និងដូសទី៤ សម្រេចចាក់បាន ២ ៤៨៨ ៧៤៥ នាក់។ ដោយឡែកដូសទី៥ នឹងចាប់ផ្តើមយុទ្ធនាការនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយចាក់តាមយុទ្ធសាស្រ្តផ្ការីកដដែល។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើង ទាំងដូសមូលដ្ឋាន និងដូសជំរុញ កំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងអត្រាឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះក្នុងកម្រិតទាបបំផុត និងមិនមានករណីឆ្លងថ្មីចំនួន២២ថ្ងៃជាប់គ្នាមកហើយ រួមជាមួយនឹងការមិនមានករណីស្លាប់ថ្មីក៏ពិតមែន ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ និងការរស់នៅជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ៣១៧ ៩០១ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៦៨ ៦៥៦ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០៣.១៨% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨៣៨ ៤២២ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៧៧ ៦៣២ នាក់ ដែលស្មើនឹង ១០០.៦១% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៦៩ ៩៥៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ២ ០១៧ ០៤០ នាក់ ដែលស្មើនឹង ១០៩.១០% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៤០៤ ១១៩ នាក់ សម្រាប់ដូសទី១ និងចំនួន ៣៣២ ០៥៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១៣២.៨០%។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៤០៥ ៦០១ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ២១៦ ១៧៥ នាក់ ដែលស្មើនឹង ៦៦.៤១% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។
ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជាចំនួន ១៥ ០៣៥ ៩៩៨ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩៣.៩៧% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ហើយតួលេខនៃការងារចាក់វ៉ាក់សាំងនេះ ទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅកម្ពុជាយើង ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៣ ១៣២ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ (២៨លាន៥សែនដូស) យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖
– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។
– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៥ ១៦៥ ៥០០ ដូស។
– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ៤ ៤៨៩ ៧៣០ ដូស។
សូមរម្លឹកផងដែរ កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសជំរុញទី៣ ជាការចាក់កាតព្វកិច្ច ប៉ុន្តែសម្តេចតេជោបញ្ជាក់ថានឹងមិនមានការអនុវត្តវិធានការរដ្ឋបាល ឬច្បាប់ណាមួយ ដល់អ្នកដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនោះទេ តែសំណូមពរឱ្យជនរួមជាតិទាំងអស់យ៉ាងហោចណាស់ត្រូវមានដូសទី៣ ជាចាំបាច់។
បន្ថែមពីលើវ៉ាក់សាំងដែលមាននៅក្នុងឃ្លាំងក្រសួងសុខាភិបាលស្រាប់ជាង ១០លានដូសសម្រាប់ចាក់ជាដូសជំរុញ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ២០លានដូសបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ រួមមាន វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូស វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈអង្គការសុខភាពពិភពលោក ចំនួន ៥លាន៥សែនដូស បន្ថែមទៀតផងដែរ៕