បន្ទាប់ពីបានយកមកតម្កល់ទុក នៅចំណុចលើសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន រៀបចំពិធីអភិសេក ទៅតាមកិច្ចសាសនា ក្រោមការអញ្ជើញចូលរួម ពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ជាភរិយា អមដំណើរដោយ ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង មន្ត្រីពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ ។
សូមរំលឹកថា រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ជាសមិទ្ធផលថ្មីមួយទៀត របស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក្រោមគំនិតផ្តួចផ្តើមកសាង របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ សប្បុរសជននានា ផងដែរ ។
តាមប្រសាសន៍ គូសបញ្ជាក់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ការកសាងរូបសំណាកបដិមា ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ នេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថ ៣ បញ្ចូលគ្នា គឺ ៖ ទី១.បថបាពួន ។ ទី២.បថអង្គរ និងទី៣.បថបាយ័ន ។ ចំណែកឯ បដិមាព្រះឥន្ទ្រ គង់លើដំរី វិញ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ «សន្តិភាព-ឈ្នះចម្បាំង» តំណាងឲ្យសេចក្តីដឹងគុណ ចំពោះ «សន្តិភាព» ដែលព្រះរាជាណាចក្រកម្ពុជាយើង កំពុងទទួលបានសុខសន្តិភាពពេញបរិបូរណ៍ ដូចពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
គួរកត់សម្គាល់ដែរថា បន្ទាប់ពីរូបសំណាកដ៏ប្រណិត ខាងលើនេះ បានរៀបចំពិធីអភិសេក ទៅតាមកិច្ចសាសនា រួចរាល់នោះ ទីកន្លែងនេះ នឹងប្រែក្លាយទៅកន្លែងទីសក្ការៈបូជា របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសចរណ៍ជិតឆ្ងាយ ដែលបានមកលេងកំសាន្ត នៅតំបន់នេះ ។ មួយផ្នែកទៀត កន្លែងនេះ ក៏ទីកន្លែងមួយដ៏សំខាន់ ផងដែរ សម្រាប់ភ្ញៀវទេសចរណ៍ បានផ្ដិតរូប ទុកជាអនុស្សាវរីយ៍ នាពេលមកលេង ខេត្តកំពង់ចាម នោះ ។
សូមបញ្ជាក់ផងដែរថា ពិធីខាងលើ ក៏បានរៀបចំយ៉ាងឱឡារឹក និងអធិកអធម ទៅតាមកិច្ចសាសានា ដោយបាននិមន្តព្រះសង្ឃ ចំនួន ៧អង្គ ចំរើនព្រះបរិត្រ ប្រោះព្រហ្ម និងអភិសេក តម្លើងរិទ្ធិរាសីរូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ទទួលបានអំណាចចេស្ដារ ផ្ដល់នូវពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋ នៅក្នុងទូទាំងខេត្ត រួមជាមួយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកលេងកំសាន្ត នៅក្នុងទឹកដីខេត្តកំពង់ចាម ផងដែរ ។
ដោយឡែក ដើម្បី ឲ្យភ្ញៀវមកលេងកំសាន្តហើយ បានជ្រាបអំពីរៀងរាវ នៃរូបសំណាកនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានរៀបចំសិលាចារិក អំពីសាវតាបដិមាករ នៅក្បែរូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរវ័ណ នោះ ផងដែរ ៕