ស្ទឹងត្រែង៖ កសិករនៅខេត្តស្ទឹងត្រែងបានបង្ហាញបច្ចេកទេសដាំដំណាំដំឡូងមី ដើម្បីបង្កើនទិន្នផលឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពល្អសម្រាប់តម្រូវការទៅទីផ្សារនាំចេញ។
ក្នុងសកម្មភាពដាំដំឡូងមីនៅខេត្តស្ទឹងត្រែងថ្ងៃទី៣០ឧសភា លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានគាំទ្រចំពោះការប្រឹងប្រែងរបស់កសិករយើង ព្រោះវាជាមុខព្រួញមួយបានជំរុញឱ្យវិស័យកសិកម្មមានភាពរីកចម្រើន ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម កំពុងលើកទឹកចិត្តកសិករឱ្យខិតខំដាំដំណាំកសិកម្ម។
លោកថា កត្តានេះហើយដែលបានរុញច្រានកសិករយើងឱ្យមានជីវភាពរីកចម្រើន ហើយការដាំដុះចូរបងប្អូនអនុវត្តតាមបច្ចេកទេសដែលមន្ត្រីជំនាញកសិកម្មបានណែនាំ ក៏ដូចជាទទួលបានវគ្គបណ្តុះបណ្តាលកន្លងមកលើការរៀបចំដី ការជ្រើសរើសពូជ និងប្រើប្រាស់ជីការថែទាំជាដើម។
លោកសៅមេងអានអ្នកបច្ចេកទេសដាំដំឡូងមីបញ្ជាក់ថា៖នៅឆ្នាំ២០២២នេះកសិករនៅខេត្តស្ទឹងត្រែងបានព្យាយាមដាំដំណាំដំឡូងមីទៅតាមបច្ចេកទេសប្រមាណ ៧០%ដើម្បីធ្វើឱ្យបានផលច្រើនតាមតម្រូវទៅលើទីផ្សារនាំចេញ។
លោកបន្តថា៖ផលកសិកម្មដែលត្រូវនាំចេញទៅទីផ្សារបានល្អ លុះត្រាផលិតផលទាំងនោះមានបរិមាណច្រើន មានគុណភាពល្អ ដូចជាគ្រាប់ស្វាយចន្ទី ពោត.សណ្តែកបាយ សណ្តែកសៀង សណ្តែកដី-ល្ង និងដំឡូងមីជាដើម សម្រាប់បំពេញការកែច្នៃផលិតផលសម្រេច។
លោកបន្តថា៖បច្ចេកទេសដាំដុះដំឡូងមី ត្រូវការជ្រើសរើសពូជ ការរៀបចំដី ការប្រើប្រាស់ថ្នាំកសិកម្ម- ការដាំដុះទៅតាមមន្ត្រីជំនាញណែនាំ រួមផ្សំនឹងការថែទាំផង ទើបទទួលបានទិន្នផលច្រើននៅពេលប្រមូលផល។
លោកសាន សំអូនកសិករដាំដំឡូងមីនៅចំណុចគីឡូ៥ ភូមិរាជានុកូលក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ឆ្នាំនេះកសិករ ប្រមាណជា៧០%បាននាំគ្នាដាំដំឡូងមីព្រោះរយ:ពេល២ឆ្នាំមកនេះដំឡូងមីទីផ្សារមានតម្លៃល្អ អាចទទួលយកបាន ហើយមានឈ្មួញមកបញ្ជាទិញច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
លោកបន្តថា កាលពីឆ្នាំ ២០១៩និង២០២០កសិករយើងនៅតាមតំបន់ មួយចំនួនខ្លះដាំតិចតួចតែប៉ុណ្ណោះ ព្រោះតែតម្លៃលក់ចេញទាប ក្នុងមួយគីឡូក្រាមតែជាង១០០រៀល ចំណែកនៅឆ្នាំ២០២២ដំឡូងមីស្រស់ មានតម្លៃឡើងខ្ពស់ដល់ទៅជាង(៣០០រៀលឬ៤០០រៀលក្នុងមួយគីឡូក្រាម )ទើបប្រជាកសិករនាំគ្នាដាំដំឡូងមីច្រើនជាងដំណាំផ្សេងៗទៀត ។
សូមបញ្ចាក់ថា៖ខេត្តស្ទឹងត្រែងឆ្នាំ២០២២នេះកសិករបាននាំគ្នាដាំដំឡូងមីជិតទៅ៣ម៉ឺនហិកតា កើន ឡើងជាងឆ្នាំ២០២១ប្រមាណជាង២៥%ភាគរយ ដោយសារកសិករខ្លះបានបង្វែរផ្ទៃដី ពីដាំស្វាយចន្ទី និងស្វាយកែវរមៀត មកដាំដំឡូងមីវិញព្រោះមានទីផ្សារល្អ៕