ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ដើម្បីឱ្យដំណើរការនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ្មានការភ័យខ្លាចការគំរាមកំហែងនិងគ្មានអំពើហិង្សាកើតឡើង។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៌… លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងបានដាក់ផែនការជាច្រើនសម្រាប់ធានាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ នាថ្ងៃបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងរបៀបរៀបរយ។
សំឡេង៖”ផែនការការពារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះយើងអនុវត្តតាមគណៈកម្មការសន្តិសុខអចិន្ត្រៃយ៍ថ្នាក់ជាតិក៏ ដូចជាគណៈបញ្ជាការអចិន្ត្រៃយ៍ខេត្ត នោះយើងក៏បានបង្កើតយន្តការមួយគឺលេខាធិការដ្ឋានដែលមានអភិបាលរងខេត្តមួយ ជាប្រធានហើយកងកម្លាំងទាំង ៣ ជាអនុប្រធាន ដែលមានស្នងការកងរាជអាវុធហត្ថ ប្រតិបត្តិការសឹករងខេត្ត ហើយយើងបាន រៀបចំ ជាផែនការការពារ
ទី១.គឺផែនការការពារសណ្តាប់ធ្នាប់សាធារណៈទូទៅក្នុងខេត្ត
ទី២.ផែនការពង្រាយកម្លាំងការពារ ការិយាល័យបោះឆ្នោត និងទី៣ឃោសនាបោះឆ្នោត”។
លោកបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងទាំងមូល មានការិយាល័យបោះឆ្នោតសរុបចំនួន៩៨៤ការិយាល័យ ដូច្នេះស្នងការខេត្ត បានត្រៀមកងកម្លាំងអន្តរាគមន៍សរុប៣១៦៦នាក់ ក្នុងនោះកម្លាំងនគរបាល ១២៧១ នាក់ កងរាជអាវុធហត្ថ ២០៦ នាក់ កងយោធពលខេមរភូមិន្ទ ៤៦៩ នាក់ និងកម្លាំងប្រជាការពារនៅមូលដ្ឋាន ១២០០នាក់ ធ្វើយ៉ាងណាសម្រួលដល់ការបោះឆ្នោត នៅទូទាំងខេត្តស្វាយរៀងមានតម្លាភាព យុត្តិធម៌សុវត្ថិភាព ដោយគ្មានអំពើហិង្សា៕