កំពង់ចាម៖អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ អង្គភាពមន្ទីរពាក់ព័ន្ធ ចុះពិនិត្យការសាងសង់ដំបូលផ្សារ និងសំណេះសំណាលជាមួយអាជីវករ ក្នុងផ្សារធំកំពង់ចាម និងអាជីវករផ្សារបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម ។
ប្រធានគណ:អាជិវករផ្សារធំកំពង់ចាមលោក ឈាង ថា បានប្រាប់ឲ្យដឹងថា កន្លងទៅ ជួរតូបលក់ដូរនៅសងខាងផ្សារធំកំពង់ចាម មិនទាន់មានដំបូលខ្ពស់ ដែលប្រការនោះធ្វើឱ្យអាជីវករ មានការលំបាកក្នុងការលក់ដូរ ទាំងរដូវប្រាំងនិងរដូវវស្សា ។
លោកឈាង ថា បានបន្តទៀតថា ដោយមើលឃើញពីការលំបាករបស់អាជីវករដូច្នោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជួយសាងសង់ ដំបូលផ្សារ ប្រក់ស័ង្កសីជុំវិញផ្សារធំកំពង់ចាម ដែលមានទំហំជាង ៥០០០ ម៉ែត្រការ៉េ ។
ឈាង ថា បានបញ្ជាក់ថា ដំបូលផ្សារធំកំពង់ចាម បានចាប់ដំណើរការសាងសង់នៅដើមខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ការសាងសង់សម្រេចបាន ៩៥% ហើយ ។
ជាមួយគ្នានេះដែរ គណៈអាជីវករនឹងបើកឲ្យដំណើរការលក់ដូរឡើងវិញចាប់ពីថ្ងៃទី៤ មិថុនា ឆាប់ៗខាងមុខនេះផងដែរ ៕