បើទោះបីជាក្រុមជម្រើសជាតិកង់ភ្នំកម្ពុជា ដែលសុទ្ធសឹងជាយុវជន អាយុ១៨-១៩ឆ្នាំ មិនទទួលបានមេដាយក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ប៉ុន្តែក្រុមកង់ភ្នំកម្ពុជាបានបង្កភាពភ្ញាក់ផ្អើលពីភាពលេចធ្លោ ក្នុងស៊ីហ្គេម រហូតដល់សហព័ន្ធកង់ថៃ បានអញ្ជើញក្រុមកង់កម្ពុជា ចូលរួមប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន ខណៈប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គ្រោងនឹងអញ្ជើញក្រុមកង់កម្ពុជាចូលរួមទៀតផង។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ថា ក្រុមកង់ភ្នំកម្ពុជា ដែលដណ្តើមបានពានសរុបចំនួន៩គ្រឿង ក្នុងការប្រកួតជើងឯកថ្នាក់ជាតិរបស់ប្រទេសថៃ គឺជាការចូលរួមបង្កើនបទពិសោធន៍យ៉ាងល្អ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ «ក្រុមយុវជនកង់ភ្នំកម្ពុជាមានកម្លាំងល្អ ប៉ុន្តែខ្វះបទពិសោធន៍ប្រកួតលក្ខណៈអន្តរជាតិ ដូច្នេះការចូលរួមប្រកួតនៅថៃនេះ គឺជាជំរុញឱ្យពួកគាត់មានបទពិសោធន៍ប្រកួតអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត ដើម្បីបោះជំហានឱ្យកាន់តែកៀកនឹងកម្រិតមេដាយ នៃស៊ីហ្គេម ឆ្នាំ២០២២នៅកម្ពុជា»។
អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រកួតស៊ីហ្គេម នៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ បានឃើញក្មេងៗយើងល្អ ហើយសហព័ន្ធកង់ថៃបានអញ្ជើញចូលរួមប្រកួតក្មេងៗរបស់ថៃ ក្នុងការផ្លាស់ប្តូរបច្ចេកទេសគ្នាទៅវិញទៅមក។ ដោយសារក្នុងស៊ីហ្គេម លើកនេះ ភាគច្រើន កីឡាករថៃសុទ្ធសឹងជាកីឡាករ ចាស់ៗ ដែលជាម្ចាស់មេដាយ។ ដូច្នេះនេះជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមថ្នាលយុវជន ដើម្បីគោលដៅនាថ្ងៃអនាគត។ ដោយឡែកសម្រាប់ផលប្រយោជន៍របស់កម្ពុជា គឺយើងទទួលបានច្រើនផងដែរ ដែលធ្វើឱ្យក្រុមយុវជនកម្ពុជា បានភ្លក់បទពិសោធន៍កាន់តែច្រើន ដើម្បីគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោក នូ ចំរើន បានបន្ថែមថា នៅក្នុងការបោះជំរំហ្វឹកហាត់បិទខ្ទប់ នៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀម រាប គឺទទួលបានការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ហើយក្រុមកង់កម្ពុជា ទើបតែមានឱកាសចេញទៅប្រកួតនៅស៊ីហ្គេម និងប្រកួតជើងឯកនៅប្រទេសថៃ។ នាពេលខាងមុខ មុនពេលស៊ីហ្គេមនៅកម្ពុជា ក្រុមកង់កម្ពុជានឹងអាចចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បន្ថែមទៀត ដើម្បីទទួលបានបទពិសោធន៍ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសិទ្ធផលឆ្ពោះទៅដណ្តើមមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ «សម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ គឺលើវិញ្ញាសាកង់ភ្នំ យើងមិនលំបាក ក្នុងការដណ្តើមមេដាយនោះទេ ដោយសារតែយើងកំពុងសម្រួចការហ្វឹកហាត់ ទេពកោសល្យ ឆន្ទៈជាដើមនោះមានរួចរាល់ហើយៗយើងខ្វះតែបទពិសោធន៍បន្ថែមទៀតប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យកាន់តែរឹងមាំ ក្នុងការប្រកួតផ្លូវការ។
គួរបញ្ជាក់ថា ការចូលរួមប្រកួតរបស់ក្រុមកីឡាកង់កម្ពុជា លើវិញ្ញាសាកង់ភ្នំ ក្នុងព្រឹត្តិ ការណ៍ប្រកួត Thailand National Championships 2022 នៅខេត្តចាន់ថាបុរី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ រួមមាន៖ ១.វិញ្ញាសាបុរស Men junior Under 19 កីឡាករ ឃឹម ម៉េងឡុង ចំណាត់ថ្នាក់លេខ១, កីឡាករ ក្រួច វ៉ា ចំណាត់ថ្នាក់លេខ៥។ ២. វិញ្ញាសាបុរស Men Under 23 កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ២ ។ ៣. វិញ្ញាសាបុរស Men Elite កីឡាករ ហួត លយរស្មី ចំណាត់ថ្នាក់លេខ២, កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ៣។ ៤. វិញាសាបុរស Men Master កីឡាករ Pierre yves Catry ចំណាត់ថ្នាក់លេខ១។ ៥. វិញ្ញាសានារី Women Under 19 កីឡាការិនី យត់ កន្និកា ចំណាត់ថ្នាក់លេខ៣។ ៦. វិញ្ញាសានារី Women Under 23 កីឡាការិនី ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ៣។ ៧. វិញ្ញាសានារី Women Elite កីឡាការិនី ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ៥។ ជាលទ្ធផលក្រុមកីឡាករទោចក្រយានកម្ពុជាទទួលបានពានសរុបចំនួន៩គ្រឿង៕