បាត់ដំបង ៖ កសិករខេត្តបាត់ដំបងងាកមកដាំដុះផ្លែប័រសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារខណៈដំណាំនេះមានរសជាតិឆ្ងាញ់ និងទទួលបានការគាំទ្រច្រើនពីអតិថិជន ជាពិសេសមានតម្លៃល្អនៅក្នុងទីផ្សារ។
លោកគីម នីដូ ជាកសិករដាំ ដំណាំផ្លែប័រ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បាន ប្រាប់វិទ្យុជាតិកម្ពុជាថា ផ្លែប័រនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមពេញប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបានបន្ថែមថា ផ្លែប័រដែលលោកកំពុងដាំនេះ គឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមីអ្វីទេ ជាពិសេសវាងាយស្រួលបកសម្បក និងមានរសជាតិឆ្ងាញ់ ។
លោកបានបញ្ជាក់ថា មូល ហេតុដែលលោកជ្រើសរើសការដាំដំណាំប័រនេះ ដោយ សារតែលោកស្រឡាញ់ផ្នែកកសិកម្ម និងបានមើលឃើញពីទីផ្សារបច្ចុប្បន្នមានប្រជាជនជាច្រើនចូលចិត្តទទួលទានផ្លែប័រជាពិសេសដោយសារតែដីនៅខាងស្រុកសំឡូតនេះសម្បូ រទៅដោយជីជាតិអំណោយ ផលក្នុងការដាំដុះផ្លែប័រនេះទទួលបានទិន្នផលល្អ ។
សំឡេង ៖“នៅខាងយើងនេះវាសម្បូរសារជាតិចិញ្ចឹមច្រើនដីនឹង តំបន់ល្អ ទោះបីវាមិនទាន់ល្អដូចរតនៈគិរីមណ្ឌលគិរីមែន ប៉ុន្តែនិយាយពីទុរេន វិញ ល្អជាងគេ ចឹងហើយទើបខ្ញុំចង់បណ្ដុះគំនិតមួយគឺដាំប័រឱ្យបានច្រើន អាចនាំចេញទៅខាងក្រៅផង ហើយក៏សិក្សាពីវាបន្ថែម ដើម្បីឱ្យប្រជាកសិករយើងនាំគ្នាដាំឱ្យបានច្រើនព្រោះអីខ្ញុំក៏ជាអ្នកផលិតជីច្នៃចេញពីសំរាមដែល“។
លោកបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំង អស់ដែលកសិករខ្មែរយើងដាំ ជាជាងបន្លែ ផ្លែឈើ ឬក៏ផលិត ផលនាំចូលពីប្រទេសគេ ជាពិសេសសូមឱ្យប្រជា កសិករយើងទាំងអស់ងាកមកគាំទ្រជីធម្មជាតិឱ្យបានច្រើន ដើម្បីធ្វើឱ្យដំណាំរបស់យើងមានគុណភាពល្អ ធ្វើឱ្យអតិថិជនមានទំនុកចិត្តក្នុងការបរិភោគ។
សូមបញ្ជាក់ថា ចម្ការលោកគីម នីដូ មានទីតាំងស្ថិតនៅ ភូមិពាម ឃុំ តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង និងបានចាប់យកការធ្វើកសិកម្មដាំផ្លែប័រនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយ ដែលមានលក់ប័រក្នុងតម្លៃបោះដុំ១គីឡូ ក្រាម៧៥០០រៀល និងលក់ រាយ១២០០០រៀល៕