ភ្នំពេញ÷ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទី៥ ថ្ងៃទី០៥ ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានដំណើរការយ៉ាងរលូនប្រកបទៅដោយ អព្យាក្រឹត សិរី យុត្តិធម៌ គ្មានអំពើហិង្សា និង គ្មានការតវ៉ាអ្វីឡើយ។
ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩.២០៥.៦៨១នាក់ ស្មើនឹង ៨៧.៩៤ ភាគរយ នៅទូទាំងប្រទេស(របាយការណ៍ គ.ជ.ប)បានប្រើសិទ្ធជាប្រជាពលរដ្ឋស្របច្បាប់ អនុវត្តនូវសិទ្ធិ និងបំពេញកាតព្វកិច្ចរបស់ខ្លួនជាម្ចាស់ប្រទេសជាតិ អញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកោះករ នៅតាមកាយាល័យបោះឆ្នោតនៃ ឃុំ/សង្កាត់នីមួយៗ ចាប់តាំងពីម៉ោង៧.០០នាទីព្រឹក ដល់ម៉ោង១៥.០០នាទីរសៀល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រឡាញ់ពេញចិត្តឲ្យដឹកនាំ ឃុំ/សង្កាត់ សម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀតពីរឆ្នាំ២០២២ដល់ឆ្នាំ២០២៧។
ការបោះឆ្នោតជ្រើសរើស ក្រុម/ប្រឹក្សា/ឃុំ/សង្កាត់ នាអាណត្តិទី៥នេះ ធ្វើឡើងក្រោមរូបភាពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាមូលដ្ឋាន និងមានការចូលរួមប្រកួតប្រជែងពីបណ្ដាលគណបក្សនយោបាយចំនួនសរុប ១៧ គណបក្សនយោបាយ សម្រាប់ ឃុំ/សង្កាត់ សរុបចំនួន ១៦៥៥២ ឃុំ/សង្កាត់ នៅទូទាំងប្រទេស។
សបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ (គ.ជ.ប)បានបង្ហាញពីភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់/អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបមានចំនួន ៨៨.០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន ២៦.១៥៥នាក់ ហើយអ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ១១០នាក់ ដែលមកពី ២០អង្គការ អន្តរជាតិ នឹងមានភ្ញៀវពិសេស ២៣ នាក់ មកពីបីប្រទេស ដូចជាស្ថានទូតជប៉ុន សណ្ថានទូតអូស្ត្រាលី និងសន្ថានទូតរុស្ស៊ី។
ស្ថិតក្នុងបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ នាអាណត្តិទី៥ ឆ្នាំ២០២២នេះ សមាគមន៍អភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សុំចូលរួមទទួលស្គាល់នូវលទ្ធផលឆ្នោតទាំងស្រុង និងសូមស្ងើចសរសើរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/ឃុំ/សង្កាត់ អាណត្ដិទី ៥ ដែលរៀបចំដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)។
ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺពិតជាត្រឹមត្រូវ ដែលបានផ្ដល់ផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជន និងប្រកបដោយមោទនភាព។
រាជធានីភ្នំពេញ ថ្ងៃអង្គារ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាលោកប្រធានសមាគមន៍ ហោ គន្ធា ៕