ចេញផ្សាយថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ R A N
ព្រះវិហារ ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុង ខេត្តព្រះវិហារ បានបញ្ជាក់ថា កាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មានរថយន្តយីឌុប ភ្លៅ៥ ពាក់ស្លាកលេខ ក្រចេះ 3A-0340 បានដឹកជញ្ជួនឈើ ចេញពីខេត្តព្រះវិហារចូលដេប៉ូ នៅភូមិតាឡែក ជិតស្នាក់ការបរិស្ថាន ខេត្តកំពង់ធំ គ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អក ឬបង្ក្រាបនោះឡើយ។ អង្គការសង្គមស៊ីវិលក៏ដូចជារប្រជាសហគមន៍ការពារព្រៃឈើ ដែលបានបង្ហាញភស្តុតាងជាច្រើនឱ្យដឹងថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃឈើក្នុងព្រៃព្រះរការ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែរងការ កាប់បំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ចំណែកប្រធានមន្ទីរ បរិស្ថានខេត្ត ព្រះវិហារ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តព្រះវិហារវិញ បានរក្សាភាពស្ងៀមស្ងាត់ ទើបពួកឈ្មួញមានឱកាសធ្វើអ្វីៗ បានតាមតែអំពើចិត្ត យ៉ាងអណាធិបតេយ្យបែបនេះ ។
ហេតុអ្វីបានជាឈ្មួញឈើឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅតែហ៊ានធ្វើសកម្មភាពគឃ្លើនដដែលៗ ក្នុងទឹកដីខេត្តព្រះវិហារ ផ្គើនទៅនឹងបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមកសម្ដេចធ្លាប់ដាក់បទបញ្ជាឲ្យនាយឧត្ដមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស ចាត់វិធានការក្ដៅៗ ទៅលើមន្ត្រីក្រោមឱវាទ ចុះបង្ក្រាប ព្រៃឈើអោយខាន់តែបានដូចភ្លៀងរលឹម។
ប្រភពបានបន្តទៀតថា៖ ឈើប្រណិតៗ ត្រូវបានឈ្មោះ គឹម ឡាយ នាំមេការសំខាន់ៗ មួយក្រុមរួមមានដូចខាងក្រោម៖
១-ឈ្មោះ មីន
២-ឈ្មោះ ណឹត
៣-ឈ្មោះ វុធ
៤-ឈ្មោះ ចែ ណាង
៥-យាយ ខេង
៦-ឈ្មោះ ថី
៧-តា រីន
បាននាំគ្នាកែនប្រជាពលរដ្ឋចូលព្រៃកាប់ឈើ ក្នុងព្រៃព្រះរការ និងក្នុងព្រៃឡង់ យ៉ាងគំហុក រង្គះរង្គាលតែម្ដង ហើយដឹកចេញតាម រទេះគោ រទេះក្របី មកដាក់នៅចំណុច ម្លូព្រៃ ឬពោធិ៍ប្រមេរ រីឯបងៗ ពូៗមន្ត្រីជំនាញ និងអ្នកពាក់ពាក់ពន្ធ័ វិញ សម្ងំទទួលលាភសក្ការៈ ឱ្យចឺនតែម្ដងជាថ្នូរមិនបង្ក្រាប។
មេឈ្មួញកណ្ដាលម្នាក់ទៀតឈ្មោះ សាក់ សិច ដឹកនាំមេការមួយក្រុមទៀតរួមមាន ១-ឈ្មោះឆើត
២-ឈ្មោះ ប្រុស
៣-ឈ្មោះ បុប្ផា
៤-ឈ្មោះ ទូ ។ល។ ចូលកាប់ឈើ ក្នុងស្រុកជ័យសែន ក្នុងតំបន់ព្រៃឡង់ ហើយដឹកចេញមកចំណុចស្រែវាល មកស្តុបទុក នៅក្រាំងដូង ស្ថិតក្នុងស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ រួចបានដឹកបន្ត យកមកចែកចាយ នៅតាមដេប៉ូឈើ ឈ្មោះ ជិន គឹម អូន ក្នុងភូមិ តាឡែក ជិតស្នាក់ការបរិស្ថាន ខេត្តកំពង់ធំ ពួកមេឈ្មួញឈើ ដុះស្លែទាំងពីរក្រុមខាងលើនេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូនស្ទើរតែរៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យដេប៉ូផ្សេងៗ និងលក់តាមបណ្តារខេត្តផ្សេងៗទៀតទូទាំងប្រទេស យ៉ាងរំភើយ ។
ប្រជាពលរដ្ឋ ក្នុងស្រុកជ័យសែន បានរិះគន់ចំៗ ទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធថា៖ ពូកែណាស់ចាប់ បានតែ ឈ្មួញឈើ រកស៊ីតូចតាចតែប៉ុណ្ណោះ រីឯឈ្មួញ រកស៊ី ឈើធំៗវិញ ដូចជាមេឈ្មួញ ជិន គឹមអូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាននោះទេ ម្យ៉ាងវិញ ទៀត ពួកមេឈ្មួញៗ ដែលមានឈ្មោះដូចខាងលើនេះ បានដឹកជញ្ជូន ផលអនុផលព្រៃឈើ យកទៅលក់បន្ត ក្នុងខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា បានយ៉ាងរលូន សុខស្រួលបំផុត សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ធំទាំងមូល មិនហ៊ានក្បែរ មិនហ៊ានក្អក ឬមិន មិហ៊ានប៉ះពាល់នោះឡើយ សង្ស័យទទួលបានលាភសក្ការៈយ៉ាងក្រាស់ក្រែល ល្មមគួរសមដែរហើយមើលទៅ។
ជុំវិញនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកត្បែងមានជ័យ និងស្រុកជ័យសែន សូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់ បង្ក្រាប បទល្មើសធនធានធម្មជាតិ មេត្តាបញ្ជាមេប៉េអឹមកងរាជអាវុធហត្ថខេត្តព្រះវិហា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមចាត់មន្ត្រីជំនាញឱ្យចុះទៅពិនិត្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងព្រៃព្រះរកាផងទាន បើសិនជាបណ្ដែត បណ្ដោយតទៅទៀត ច្បាស់ជាព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច រងការកាប់បំផ្លិចបំផ្លាញវិនាសហិនហោច ក្រោមស្នាដៃឈ្មួញល្បីៗដែលបានរៀបរាប់ខាងលើជាក់ជាពុំខាន។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ម្ចាស់ទីតាំងនឹងសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!