លោកស្រី ណា ដាណា កសិករខេត្តកំពង់ចាមជោគ ជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរស ជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ខណៈដំណាំនេះ ងាយស្រួលដំានិងការថែទាំ និងទទួលបានប្រាក់ចំណូលច្រើន។
លោកស្រី ណា ដាណា ជាកសិករដាំដំណាំផ្លែស្វាយប៉មអូស្រ្តាលី នៅក្នុងខេត្តកំពង់ ចាមបានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានដាំផ្លែស្វាយប៉មអូស្រ្តាលី នេះ អស់រយ: ពេលជិត៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី -ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។
លោកស្រីបានបន្ថែមថា ផ្លែស្វាយដែលលោកស្រីកំពុងដាំនេះ គឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមីអ្វីទេ ងាយស្រួលថែទាំ មិនប្រើ ប្រាស់កម្លាំងច្រើន ជាពិសេសស្វាយនេះពេលខ្ចីមានរសជាតិជូអែមសាច់ស្រួយ និងពេលទុំមានរសជាតិផ្អែមសាច់រឹង។
លោកស្រីបានអំពាវនាវ ទៅ ដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំងអស់ដែលកសិករខ្មែរ យើងដាំ ជាជាងបន្លែ ផ្លែឈើ ឬក៏ផលិតផលនាំចូលពីប្រទេសគេ ដោយសារតែបន្លែផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្លែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ។
សំឡេង ៖“បងប្អូនប្រជាពល រដ្ឋជួយគាំទ្ររបស់ខ្មែរ ព្រោះយើងអត់មានប្រើជីប្រើអីទេ និយាយទៅអត់សោះតែម្ដង ណាមួយឱ្យគេជួយគាំទ្រផលិតផលខ្មែរយើងតែម្ដង អ្វីក៏ដោយមិនត្រឹមតែស្វាយនោះទេ ផលិតផលគ្រប់មុខ ដូចជាស្វាយចន្ទី បានមកថោក ស្វាយបានមកថោក ដល់ពេលអ៊ីចឹងចង់សំណូមពរដល់រដ្ឋាភិបាលឱ្យជួយគាំទ្រផលិតផលខ្មែរឱ្យមានទីផ្សារ ល្អជាងនឹងដើម្បីកសិករមានកម្លាំងដាំតទៅមុខទៀត“។
សូមបញ្ជាក់ថា ចម្ការលោក ស្រីណា ដាណា មានទីតាំងស្ថិតនៅ ឃុំព្រែកកុយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានចាប់យកការធ្វើកសិកម្មដាំផ្លែស្វាយប៉មអូស្រ្តាលីនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយ លើផ្ទៃដី ១០ហិកតា ដែលមានលក់ស្វាយក្នុងតម្លៃបោះដុំ១គីឡូ ក្រាម៣៥០០រៀល និងលក់រាយ៥០០០រៀល៕