នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីពីថ្ងៃទី៥-៧ ខែមិថុនា។
ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងឥណ្ឌូណេស៊ី-អូស្ត្រាលី និងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។
កាលពីថ្ងៃទី៦ ខែមិថុនា លោក Albanese បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដោយក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួលអាកាសធាតុ និងសន្តិសុខ។
មេដឹកនាំទាំងពីរបានផ្តោតការពិភាក្សារបស់ពួកគេទៅលើទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងឥណ្ឌូណេស៊ី-អូស្ត្រាលី (IA-CEPA) ដែលចូលជាធរមានកាលពីក្នុងឆ្នាំ២០២០ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តទេដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩។
ពួកគេក៏បានប្រៀបធៀបកំណត់ចំណាំស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួមគ្នា ដោយរួមមានទាំងកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខក្នុងតំបន់ផងដែរ។
នាថ្ងៃដដែលនោះ លោក Albanese បានជួបជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi ដើម្បីស្វែងរកមធ្យោបាយពង្រឹងទំនាក់ទំនងរវាងក្រុមប្រទេសនេះ និងប្រទេសអូស្ត្រាលីក្នុងស្ថានភាពថ្មី៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)