សមាជិកសភាកំពូលរបស់ចិន លោក Li Zhanshu បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាមានិតជាតិ (NPC) បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសុន្ទរកថាមួយដែលត្រូវបានបញ្ជូនតាមវីដេអូនៅមហាសន្និបាតសភានៃក្រុមប្រទេស CSTO តាមការអញ្ជើញរបស់លោក Vyacheslav Volodin ប្រធានសភា CSTO និងសភា Duma រដ្ឋរុស្ស៊ី។
លោកបាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី៣០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខសមូហភាព និងខួបលើកទី២០ នៃ CSTO ។
ចាប់តាំងពីការបង្កើតឡើងមក CSTO បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាព និងសន្តិសុខនៃប្រទេសជាសមាជិករបស់ខ្លួន លើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងទប់ស្កាត់ និងឆ្លើយតបទៅនឹងការគំរាមកំហែង និងបញ្ហាប្រឈមថ្មីៗចំពោះសន្តិសុខក្នុងតំបន់។
លោក Li បាននិយាយថា គំនិតផ្តួចផ្តើមសន្តិសុខសកលលោកដែលស្នើឡើងដោយប្រទេសចិន មានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់របស់សហគមន៍អន្តរជាតិដើម្បីរក្សាសន្តិភាពពិភពលោក និងទប់ស្កាត់ជម្លោះ និងសង្រ្គាម ព្រមទាំងផ្តល់ទិសដៅថ្មីសម្រាប់ការលុបបំបាត់ឫសគល់នៃជម្លោះអន្តរជាតិ ដោះស្រាយបញ្ហាប្រឈមសន្តិសុខអន្តរជាតិ និងសម្រេចឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ដោយលោកបាននិយាយបន្ថែមថា ការចូលរួមរបស់ CSTO នៅក្នុងគំនិតផ្តួចផ្តើមនេះនឹងត្រូវបានស្វាគមន៍។
ដោយកត់សម្គាល់ថាប្រទេសចិនចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយជាមួយរដ្ឋជាសមាជិក CSTO ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ លោក Li បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយ CSTO និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកបាននិយាយថា NPC មានឆន្ទៈក្នុងការធ្វើការងារជាមួយសភានៃរដ្ឋជាសមាជិក CSTO ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ផ្តល់ការអនុវត្តពេញលេញដល់តួនាទីតែមួយគត់របស់នីតិបញ្ញត្តិ និងបញ្ចេញឱ្យបានពេញលេញនូវសក្តានុពលនៃ CSTO និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដើម្បីធ្វើឱ្យតំបន់ និងពិភពលោកកាន់តែមានសន្តិភាព សុវត្ថិភាព និងវិបុលភាព៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី)