ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បង្កើនការហ្វឹកហាត់ រយៈពេល៣ថ្ងៃហើយ នៅប្រទេសឥណ្ឌា ដើម្បីត្រៀមការប្រកួតជម្រុះជុំទី៣ ពានរង្វាន់បាល់ទាត់អាស៊ី (AFC Asian Cup 2023) ដោយត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះឥណ្ឌា នាវេលាម៉ោង ២២:០០ ថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។
នៅក្នុងការប្រកួតជម្រុះក្នុងពូល D នេះ ក្រៅពីប៉ះជាមួយម្ចាស់ផ្ទះឥណ្ឌា ក្រុមកម្ពុជានឹងត្រូវបន្តប៉ះជាមួយក្រុមហុងកុង នាវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី១១ ខែមិថុនា និង១ប្រកួតចុងក្រោយប៉ះជាមួយក្រុមអាហ្វហ្កានីស្ថាន វេលាម៉ោង ១៨:៣០នាទី នាថ្ងៃទី១៤ ខែមិថុនា ។ នេះជាការប្រកួតវគ្គចែកពូល ជុំទី៣ ដែលមាន៦ពូល ក្នុង១ពូលៗមាន ៤ក្រុមស្មើៗគ្នា សរុប២៤ក្រុម។ ការប្រកួតជម្រុះនេះ គឺដើម្បីស្វែងរកក្រុមជ័យលាភី ដែលជាក្រុមចំណាត់ថ្នាក់លេខ១ ប្រចាំពូលទាំ៦ (៦ក្រុម) និងក្រុមលេខ២ល្អផ្តាច់គេ ចំនួន៥ក្រុម សរុប១៣ក្រុម ឡើងទៅប្រកួតជម្រុះជុំចុងក្រោយ នាឆ្នាំ២០២៣នៅប្រទេសចិន ជាមួយបេក្ខភាពខ្លាំងៗចំនួន១៣ក្រុមផ្សេងទៀត ប្រចាំទ្វីបអាស៊ី ដែលកំពុងរង់ចាំស្រាប់ ។ បេក្ខភាព១៣ក្រុម ដែលរង់ចាំនេះ គឺគិតទៅលើលទ្ធផលប្រកួតជម្រុះ FIFA WORLD CUP 2022 កន្លងមក។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាថ្លែងថា កូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ ហើយសង្ឃឹមថា នឹងទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ទល់នឹងគូប្រកួត ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង។ លោកក៏សម្ដែងការពេញចិត្ត ទៅនឹងការហ្វឹកហាត់របស់ក្រុម ក៏ដូចជាការបង្ហាញនៅក្នុងការហ្វឹកហាត់ផងដែរ។
គ្រូបង្គោលជនជាតិជប៉ុនរូបនេះបន្ថែមថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា គឺជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA។ ប៉ុន្តែលោក Hirose Ryu ដឹងថា ចំណាត់ថ្នាក់មិនមែនជាការកំណត់លទ្ធផលនោះទេ ការបង្ហាញទម្រង់លេងទៅវិញទេ ដែលជាការបញ្ជាក់ពីលទ្ធផល។ គ្រូបង្វឹកវ័យ៦៦ឆ្នាំ សង្ឃឹមការបង្ហាញនូវទម្រង់លេងពោរពេញទៅដោយកម្លាំងចិត្ត ពីកូនក្រុមរបស់លោក។ ពីមុនក្រុមកម្ពុជាធ្លាប់បានចាញ់ក្រុមឥណ្ឌា ប៉ុន្តែយើងមិនខ្លាចការប្រកួតជាមួយក្រុមឥណ្ឌានោះទេ ហើយយើងគ្រាន់តែដឹងថា ក្រុមកម្ពុជាត្រូវខិតខំឱ្យអស់ពីសមត្ថភាព។
ដោយឡែក គ្រូបង្វឹករបស់ឥណ្ឌា លោក Igor Stimac លើកឡើងដែរថា ក្នុងនាមជាក្រុមម្ចាស់ផ្ទះ លោករំពឹងថា ការប្រកួតមួយនេះនឹងមានអ្នកគាំទ្រនឹងមកទស្សនាច្រើន ដើម្បីគាំទ្រក្រុមជម្រើសជាតិ តាមវិធីល្អបំផុតដែលអាចធ្វើទៅបាន។ គោលបំណងរបស់ក្រុមឥណ្ឌានឹងដាក់សម្ពាធឱ្យបានខ្លាំងបំផុតពេញ១ប្រកួតនេះតែម្តង។ យើងត្រូវការគ្រប់គ្រងការប្រកួត ហើយក្រុមឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតដំបូងជាមួយក្រុមកម្ពុជា ៕