គិតចាប់ពីដើមឆ្នាំ២០២២មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទ ម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានតម្រូវការ នាំចេញទៅកាន់ទីផ្សារក្រៅ ប្រទេសប្រមាណ១៥០តោនហើយ ដោយសារតែមានការជឿទុកចិត្តពីអតិថិជនទាំងគុណភាពនិងតម្លៃ ជាពិសេសដោយសារជាស្ករត្នោតដែលបាន ទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ(GI) ។
លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ ភាគីឥណ្ឌាបានចរចាទិញស្ករត្នោតកំពង់ស្ពឺប្រមាណ១០០តោន និងកាលពីដើមឆ្នាំ២០២២ រុស្ស៊ីបានចរចាទិញស្ករត្នោតពីកម្ពុជាប្រមាណ៥០តោន ប៉ុន្តែដោយសារសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យដំណើរការនាំចេញទៅកាន់ប្រទេសទាំងពីរនេះត្រូវបានផ្អាកទៅវិញ តែទោះជាយ៉ាងនេះក្តី មកទល់ពេលនេះសមាគមក៏ទទួលបានការបញ្ជាទិញពីទីផ្សារនៅតាមបណ្តាប្រទេសមួយចំនួន ដែលជាស្ករត្នោតប្រភេទម្សៅជាង១៥០តោនហើយ គឺភាគច្រើននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប បារាំង អាល្លឺម៉ង់ កាណាដា បារាំង ចិន កូរ៉េ ជាដើម ។
លោកបានបន្តថា បច្ចុប្បន្ននេះសមាគមផលិតស្ករត្នោតម្សៅដែលជាស្ករសម្រាប់នាំចេញ បានប្រមាណជិត៦០តោនតែប៉ុណ្ណោះ ដោយសារឆ្នាំនេះ ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើប៉ះពាល់ដល់ដំណើរការផលិត ស្ករត្នោត តែទោះជាយ៉ាងណាក៏សមាគមព្យាយាមផលិតឱ្យបានដល់១០០តោន នៅពេលខាងមុខនេះដែរ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការនាំចេញនេះ ។
« សម្រាប់ឆ្នាំ២០២២នេះបរិមាណតម្រូវការមានខ្ពស់ ដែលមកទល់ពេលនេះមានតម្រូវការ១៥០តោនហើយ ដោយមិនបានរាប់ពីក្រុមហ៊ុនដែលគ្រោងនឹងនាំទៅប្រទេសរុស្ស៊ីនិងឥណ្ឌានោះទេ ដោយសារតែនៅឥណ្ឌានិងរុស្ស៊ីគឺបានស្ងាត់ទៅវិញ បន្ទាប់ពីមានសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីកើតឡើងនោះ ប៉ុន្តែទីផ្សារផ្សេងៗក្រៅពី២ប្រទេសនេះ គឺបច្ចុប្បន្ននេះសរុបជាង១៥០តោន ដែលក្រុមហ៊ុនពីប្រទេសយើងនាំចេញទៅស្រុកក្រៅជាពិសេសគឺសហគមន៍អឺរ៉ុប ប៉ុន្តែនៅក្នុងឆ្នាំនេះគឺយើងមានបញ្ហាប្រឈមខ្លាំងគឺអាកាសធាតុនេះឯង គឺភ្លៀងច្រើនតាំងពីខែមីនាមកម្ល៉េះ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត ស្ករត្នោត ហើយភ្លៀងជាប់ៗគ្នាកសិករឡើងត្នោតគឺឡើងមិនកើត មានខ្យល់ខ្លាំង ហើយបើមិនឡើងជាប់គ្នាពីរទៅបីថ្ងៃហើយនោះ គឺទឹកត្នោតលែងចេញ ចេញតិចៗ ហើយអ្នកខ្លះក៏ធុញនឹងអាកាសធាតុ ក៏មិនបានធ្វើបន្តទៀតដែរ »។
លោកបានបន្តទៀតថា ដើម្បីឆ្លើយនឹងតម្រូវការកើនឡើងនៅឆ្នាំនេះ សមាគមបានពង្រីកការផលិតរបស់ខ្លួន ជាពិសេសជំរុញឱ្យអ្នកពាក់ព័ន្ធផលិតស្ករម្សៅសម្រាប់នាំចេញឱ្យបានច្រើនជាងស្ករសាច់ តាមរយៈការបង្កើនចំនួនអ្នកផលិត(អ្នកឡើងត្នោត)ឱ្យបានច្រើនជាងមុន ។ ទន្ទឹមនឹងតម្រូវការកើនឡើងនេះ តម្លៃស្ករត្នោតកំពង់ស្ពឺក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ ដែលស្ករត្នោត ប្រភេទម្សៅឆ្នាំនេះអាចលក់បានពី៧០០០រៀលទៅ៧១០០រៀលក្នុងមួយគីឡូក្រាម កើនឡើងជាងមុនបន្តិច ដោយឆ្នាំមុនមានតម្លៃ៦៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកស្ករសាច់មានតម្លៃ៦៥០០រៀល ខណៈឆ្នាំមុនៗលក់បានត្រឹមតម្លៃចន្លោះពី ៥០០០ទៅ៥៥០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជាតាំងពីឆ្នាំ២០១០ដំណាលគ្នាជាមួយម្រេចកំពតដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបំផុតដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ។ ក្រោយមកទៀត ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅប្រទេសថៃ វៀតណាម នៅឆ្នាំ២០១៩ នៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើប្រាស់ឱ្យគាត់អាចរីករាយនឹងស្ករត្នោតកំពង់ស្ពឺពិតប្រាកដ ៕