នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញបើក យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ ដោយឥតគិតថ្លៃជូនដល់មន្ត្រី សុខាភិបាលជួរមុខ មន្រ្ដីរាជការស៊ីវិល អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ប្រជាពលរដ្ឋ ដែលមាន អាយុចាប់ពី៦០ឆ្នាំឡើង និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ នៅក្នុងបរិវេណមជ្ឈមណ្ឌលបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋជា បន្តបន្ទាប់ ជាលទ្ធផលបានធ្វើឱ្យប្រជាពលរដ្ឋបានរួចគេចពីការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ និងបានគេចផុតពីការឈឺធ្ងន់ធ្ងរ បន្ទាប់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ និងជាពិសេសបានបង្កលក្ខណៈដល់ប្រជាពលរដ្ឋ អាចធ្វើការចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានដោយរលូន និងគ្មានការភ័យខ្លាចពីជំងឺកូវីដ-១៩។
ឯកឧត្តមបានធ្វើការណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមក្នុងការផ្សព្វ ផ្សាយជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ ចាប់ពីថ្ងៃនេះតទៅ ដោយត្រូវអនុវត្តន៍ទៅតាមការណែនាំ ដែលរដ្ឋបាល ខេត្តបាត់ដំបង បានជូនដំណឹងរួចមកហើយ ដើម្បីបន្តយុទ្ធនាការទប់ស្កាត់កការរីករាលដាល ជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនូវជំងឺដ៏កាចសាហាវនេះផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៥ នៅតាមមណ្ឌលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង (ពេទ្យធំ) ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង មោងឫស្សី សង្កែ ថ្មគោល សំពៅលូន មណ្ឌលសុខភាពស្រុក ផ្សារបុរីរំចេកស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង និងផ្សារទំនើបភួពុយ ស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង៕