ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខភាពជាពិសេសក្មេងតូចៗ ការពារកុំឱ្យឆ្លងជំងឺគ្រុនឈាម ដែលអាចកើតមានឡើងនៅក្នុងរដូវវស្សានេះ។
លោកវេជ្ជបណ្ឌិត លៀង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឍមណ្ឌលជាតិប្រយុទ្ធជំងឺ គ្រុនចាញ់ នៃក្រសួងសុខាភិ បាល បានមានប្រសាសន៍ឱ្យដឹងថា ឥឡូវនេះស្ថានភាពជំងឺគ្រុនឈាម គឺស្ថិតនៅក្នុងការកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុន បានកើនឡើងជាង៥០ភាគរយ ដោយសារ តែក្នុងរយៈពេល៦ខែដើមឆ្នាំនេះ យើងមានអ្នកឆ្លងរហូត ដល់ ១១២៥ករណី ហើយក្នុងនោះស្លាប់ចំនួន២នាក់ផងដែរ ។ បើយើងប្រៀបធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នានោះ គឺយើងមានតែ៥០០ ករណីតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបានបន្តថា ដោយ សារតែមានការកើនឡើងនូវជំងឺគ្រុនឈាមនេះ សូមប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាពិសេសគឺកុមារតូចៗ ដែលអាចងាយនិងឆ្លងនិងជំងឺមួយនេះ ដោយសារតែមូសខ្លាខាំ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ដើម្បីបង្ការកុំឱ្យមាន ការឆ្លងជំងឺគ្រុនឈាមនិងគ្រុនឈីកនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងចូលរួមលុបបំបាត់នូវវត្ថុដក់ទឹកមានដូចជា សម្បកកង់ឡាន ម៉ូតូ និងវត្ថុដក់ទឹកផ្សេងៗមួយ ចំនួនទៀត ដែលជាជម្រករបស់សត្វមូសខ្លា ។
អ៊ីចឹងខ្ញុំសុំសំណូម ពរឱ្យពួកគាត់ចាប់ផ្ដើមប្រុង ប្រយ័ត្ន តាមរយៈការចូលរួមសម្អាតអនាម័យជុំវិញផ្ទះ ក្នុងផ្ទះ ទុកដាក់ខោអាវបត់ឱ្យបានល្អ ហើយពាងទឹកគួរតែឧស្សា ហ៍លាងវាមួយអាទិត្យម្ដង ហើយនៅជុំវិញបរិវេណផ្ទះ ធ្វើម៉េចកុំឱ្យមានសម្បកកំប៉ុង ត្រឡោកដូងដក់ទឹកជាដើម ហើយបើសិនជាមាននរណាម្នាក់ គាត់ក្តៅខ្លួនសង្ស័យអីនោះ សូមមេត្តាយកទៅមន្ទីរពេទ្យនៅក្នុងរយៈពេល ២៤ម៉ោងឬ៤៨ម៉ោងជាបន្ទាន់ កុំ ព្យាយាមសាកល្បងព្យាបាលដោយលោកគ្រូពេទ្យឬក៏នៅតាមគ្លីនិកតូចៗមួយចំនួន គឺដោយសារគាត់អត់មានឧបករណ៍គ្រប់គ្រាន់ មិនមែនគាត់មិនចេះនោះទេ ប៉ុន្តែគាត់មិនទាន់ឆ្លងវគ្គរៀន សូត្រនៃការព្យាបាលជម្ងឺគ្រុន ឈាមឱ្យបានច្បាស់លាស់នោះទេ អ៊ីចឹងសូមមេត្តាទៅពេទ្យរដ្ឋ ដែលពួកគាត់ទទួលបានការបណ្តុះបណ្តាលរហូតជារៀងរាល់ឆ្នាំ នេះគឺពិត ជាមានសារសំខាន់ណាស់ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា ជំងឺគ្រុនឈាមច្រើនកើតនៅខេត្ត ឬក៏តំបន់ណាដែលមានប្រជាជនរស់ នៅច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ សៀមរាប និងខេត្តតាកែវ ហើយជាទូទៅគឺនៅកន្លែងដែលមានប្រជុំជន មានផ្សារ និងប្រជាពលរដ្ឋរស់នៅកកកុញកៀកៗគ្នា ហើយប្រជាជនទាំងនោះមាន ការធ្វេសប្រហែស នៅក្នុងការមិនបានប្រមូលទាន់ពេលវេលា ដូចជាសម្បកកំប៉ុង និងសំបកកង់ជាដើម ដែលអាចជាឱកាសកើតដង្កូវទឹក ក្លាយ ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនេះតែម្ដង ៕