បាត់ដំបង÷ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាឱ្យសមត្ថកិច្ច រកឱ្យឃើញបុគ្គល ដែលទន្រ្ទានកាប់បំផ្លាញ និងដុតបំផ្លាញព្រៃឈើស្ថិត ក្នុងភូមិសាស្រ្ដ ខេត្តបាត់ដំបងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ដើម្បីការពារធនធានធម្មជាតិឲ្យបានគង់វង្ស។ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តបាត់ដំបង មានប្រសាសន៍ថា បញ្ហាបទល្មើស ព្រៃឈើ ដោយមានការកាប់ និងការដុត ព្រៃឈើនៅតាមតំបន់ព្រៃឈើ និងតំបន់ភ្នំស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ត្រូវមានវិធានការការពារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម សុខ លូ លើកឡើងថា ចំពោះបុគ្គល ដែលធ្វើការទន្រ្ទានព្រៃឈើ ដោយការកាប់បំផ្លាញព្រៃឈើ ការដុតបំផ្លាញព្រៃឈើស្ថិត ក្នុងភូមិសាស្រ្ដ ខេត្តបាត់ដំបងនេះ ត្រូវធ្វើយ៉ាងណាតាមដានរកសាវតាឱ្យឃើញ ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ មិនថាបុគ្គលដែលបំផ្លាញព្រៃឈើនោះធ្វើសកម្មភាពពេលយប់ ឬពេលថ្ងៃ ឬជាបុគ្គលមានអំណាចយ៉ាងណាក៏ដោយ ក៏ត្រូវរកឱ្យឃើញទាំងមេខ្លោង ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ជាបន្តបន្ទាប់ បើពុំដូចនោះទេ ព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងនឹងត្រូវខ្ទេចគ្មានសល់ឡើយ ក្នុងនោះមិនត្រឹមតែការកាប់បំផ្លាញព្រៃឈើតែប៉ុណ្នោះទេ បុគ្គលដែលបំផ្លាញភ្នំ ទន្ទ្រានយកភ្នំ ដោយការជីកកាយដីភ្នំ ដែលគ្មានការអនុញ្ញាតពីច្បាប់ក៏ត្រូវចាត់វិធានការដែរ បើពុំនោះទេ ភ្នំជាបន្តបន្ទាប់នឹងលែងមានសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានឃើញឡើយ ។
ឯកឧត្តមបានបន្តទៀតថា ដោយឡែកការបញ្ជាក់ការផ្ទេរកម្មសិទ្ធិដី ដែលជាដីគម្របព្រៃឈើ និងបរិស្ថាន ដែលជាកម្មសិទ្ធិរបស់រដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងនេះ បើពុំនោះទេ ក៏នឹងចាត់វិធានការ តាមផ្លូវច្បាប់ដោយមិនត្រូវមានការលើកលែងឡើយ ៕