មន្ត្រីជំនាញក្រសួង សុខាភិបាលក្រើនរំលឹកជាថ្មី ឱ្យប្រជាពលរដ្ឋបង្កើនការរក្សាអនាម័យ ដើម្បីបង្ការជំងឺអុតស្វា ចូលមកក្រុមគ្រួសារនិងក្នុងសហគមន៍ ដែលអាចកើត មានឡើងជាយថាហេតុ ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យនៃក្រសួងសុខាភិ បាល បានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីក្នុងការឆ្លងជំងឺអុតស្វានៅឡើយទេ ដូចនេះសូមប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវតែ បង្កើននូវការរក្សាអនាម័យ នៅក្នុងការរស់នៅ ដើម្បីបង្ការជំងឺអុតស្វាយនេះ។ លោកជំទាវបានបន្តថា ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺនេះឡើង សូមប្រជាពលរដ្ឋទាំងអស់កុំប៉ះពាល់ជាមួយ ប្រភេទសត្វកកេរដូចជា សត្វកណ្ដុរនិងសត្វផ្សេងៗមួយ ចំនួនទៀត ជាពិសេសសត្វស្វាតែម្ដងហើយត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់បំផុត ដោយត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។
ខ្ញុំសូមជម្រាបជូនថា ជំងឺអុតស្វាយនេះ វាឆ្លងទៅ តាមការប៉ះពាល់ផ្ទាល់ វាមិនដូចករណីជំងឺកូវីដ-១៩នោះទេ ដូច្នេះការការពារកុំឱ្យមាន ការចម្លងនូវជំងឺអុតស្វានេះ គឺសំខាន់ទីមួយយើងកុំទៅលេងជាមួយ នឹងពពួកសត្វព្រៃ សត្វពាហនៈ ឬក៏ពួកសត្វកកេរ ដូចជាសត្វកណ្តុរជាដើម គឺយើងជៀសវាង ហើយជាពិសេស គឺសត្វស្វាយើងកុំទៅប៉ះពាល់វា នេះនៅយើងត្រូវចងចាំ ទី២ការបរិភោគរបស់យើងនេះ គឺត្រូវពិសាម្ហូបអាហារណាដែលឆ្អិនល្អហើយអាហារនិង ក៏ត្រូវមានអនាម័យត្រឹមត្រូវលាងសម្អាត ហើយជាពិសេសការទុកដាក់ចានក្បាន ស្លាបព្រា ជ្រញ់ កែវទឹក ឱ្យមានអនាម័យស្អាត ហើយបន្លែដែលយើងយកមកបរិភោគនេះ រួមទាំងផ្លែឈើ ក៏ត្រូវតែលាងសម្អាតឱ្យបានស្អាត ដើម្បីជៀសវាងនូវការប៉ះពាល់ណាមួយ។ជំងឺអុកស្វា ដែលមានការផ្ទុះឡើងជាបន្តបន្ទាប់ និងត្រូវបានបញ្ជាក់កាលពីពេលកន្លងទៅ មាននៅចក្រភពអង់គ្លេស ខណៈនៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុងសហគមន៍ចក្រភពអង់គ្លេសដោយមិនដឹងប្រភពច្បាស់លាស់ នៃករណីខ្លះនៃជំងឺអុតស្វានេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះ ប្រជាពល រដ្ឋដែលមានករណីសង្ស័យ មានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួនបាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាលហើមកូនកណ្ដុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត៕