ប្រទេសឥណ្ឌូណេស៊ីបានរកឃើញករណីដំបូងនៃការឆ្លងអនុទម្រង់វីរុសអូមីក្រុង BA.4 និង BA.5 នៃជំងឺកូវីដ-១៩ នៅលើកោះបាលី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយកាលពីថ្ងៃទី១០ ខែមិថុនាថា មនុស្ស ៤នាក់នៅលើកោះបាលីបានឆ្លងអនុទម្រង់វីរុស BA.4 និង BA.5 ។
បច្ចុប្បន្ននេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតថា តើឥទ្ធិពលនៃការចម្លងរបស់អនុទម្រង់វីរុស និងប្រសិទ្ធិភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចប្រឆាំងនឹងអនុទម្រង់វីរុសនេះបានដែរឬក៏យ៉ាងណា។
យោងតាមការស្ទង់មតិផ្នែកសរីរៈវិទ្យាដែលធ្វើឡើងដោយក្រសួងសុខាភិបាលកាលពីក្នុងខែមីនា ប្រជាជនឥណ្ឌូណេស៊ីចំនួន ៩៩,២ភាគរយមានអង្គបដិប្រាណប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសារការចាក់វ៉ាក់សាំង ការឆ្លងជំងឺរាតត្បាតនេះ ឬដោយសារកត្តាទាំងពីរតែម្តង។
ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងយ៉ាងខ្លាំងពីចំនួន ៣៧២នាក់កាលពីថ្ងៃទី៣ ខែមិថុនា ដល់ចំនួន ៦២៧នាក់កាលពីថ្ងៃទី១០ ខែមិថុនា ដែលនាំឱ្យករណីសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៦ ០៥៩ ៣៦៣នាក់៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)