ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ និងប្រារព្ធពិធីក្រុងពាលី បញ្ចុះអថ័ន បំពេញញាណបារមីស្តេចនាគមហាជ័យ គង់នៅស្រះទឹកស្តេចនាគមហាជ័យ ព្រមទាំងបើកកិច្ចប្រជុំការងារត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៏នៃកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ។
សូមជម្រាបថា៖ ចំពោះការកសាងជាបន្តបន្ទាប់ នៅទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦នេះ មានដូចជាៈ រូបសំណាក់ព្រះអង្គគោកធ្លក អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើនិងផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ.-ល-។
គួរបញ្ជាក់ថា៖ ពីធីរំលឹកខួបលើកទី៤៥ឆ្នាំ នៃដំណើររបស់សម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តដែលជាឥស្សរជនស្នេហាជាតិផ្សេងៗជាច្រើនទៀត សម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចងចាំនូវគំរូវីរៈភាព ក្នុងការរំដោះជាតិមាតុភូមិ ចេញពីរបប ប៉ុល ពត ដែលជារបបវាលពិឃាត ខ្មៅងងឹត យង់ឃ្នង បន្ថែមទៀត ក៏ដូចជាសម្ពោធនូវសមិទ្ធផលនានាជាច្រើននៅតំបន់ប្រវត្តិសាស្ត្រមួយនេះ។
ទិវាចងចាំទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានា របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិ ត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ក៏ដូចជាតម្កល់នៅសារៈមន្ទីរប្រវត្តិសាស្ត្រកោះថ្ម ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត បានសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តដ៏ជូចត់ នៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងមិត្តរួមដំណើរដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្រទេសជាតិទាំងមូលឱ្យរួចផុតពីរបបប៉ុល-ពត ឱ្យប្រជាពលរដ្ឋខ្មែរ ជាកូន ជាចៅ ជាចៅទួត សិក្សារៀនសូត្រ ចងចាំព្រឹត្តិការណ៍នេះ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ស្វែងយល់ផងដែរ៕