មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលបានឱ្យដឹងថា ការយល់ដឹងអំពីជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង គឺតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិន ឆ្លង និងធានាសុវត្ថិភាពសុខភាពសាធារណៈ ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជា មួយអ្នកសារព័ត៌មាន ក្នុងកម្មវិធីបិទសិក្ខាសាលាតម្រង់ទិសស្ដីពីការចូលរួមរបស់សហគមន៍ក្នុងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ នៅខេត្ដកំពង់ធំ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការ ជំរុញបង្កើនការងារថែទាំសុខ ភាពបឋម «ក.ជ.ថ.ស.ប» បានឱ្យដឹងថា នៅពេលដែល ក្រសួងសុខាភិបាលរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) កំពុងតែរួមគ្នាគិតគូរពិចារណា នៅក្នុងការចាត់ចែងរៀបចំអភិវឌ្ឍនៅក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែ ទាំសុខភាពបឋមនៅក្នុងព្រះ រាជាណាចក្រកម្ពុជា ខណៈដែលក្នុងសិក្ខាសាលានេះគឺមានខេត្តមួយចំនួនត្រូវបានចូលរួម ស្វែងយល់ទៅតាមដំណាក់កាលៗ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគាត់ ទាំងចំណេះដឹងនិងចំណេះធ្វើ ជាឧបករណ៍សម្រាប់ចែករំលែកបន្តទៅកាន់មូលដ្ឋានរបស់ខ្លួន ។
លោកជំទាវបន្ថែមថា ការជំរុញបង្កើននូវការថែទាំសុខភាពបឋមនេះ គឺជាគោលដៅដ៏វែងឆ្ងាយ របស់ពលរដ្ឋទាំងអស់គ្នា ដោយមិនមែនតែក្រសួងសុខាភិ បាលតែមួយនោះទេ គឺទាមទារឱ្យមានការចូលរួមរបស់សហគមន៍តែម្ដង។ លោកជំទាវ បន្តថា អ្វីដែលសំខាន់នោះ គឺផ្ដោតទៅរកអភិក្រមមួយ ដែលកំពុងតែពិភាក្សាគ្នា ដើម្បីឱ្យភូមិឃុំមានសុខភាពល្អ ដោយរៀន សូត្រដកស្រង់បទពិសោធ ពីការឆ្លើយតបនៃជំងឺកូវីដ១៩ ដែលពលរដ្ឋគ្រប់រូបបានឆ្លង កាត់ក្នុងរយៈកាលកន្លងមកនេះ ខណៈដែលប្រជាពលរដ្ឋមានសុខភាពល្អ និង អាចប្រព្រឹត្តទៅបានល្អប្រសើរ នៅពេលណាដែលបុគ្គលចេះទទួលខុសត្រូវច្បាស់លាស់ ទៅលើបញ្ហាសុខភាពរបស់ខ្លួន ដោយអនុវត្តទៅតាមវិធានការនានាដែលបានដាក់ ចេញកន្លងមកហើយ មិនតែ ប៉ុណ្ណោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏តែងតែលើកនិងផ្តល់ការណែនាំជារឿយៗរួចមកហើយដែរ គឺការការពារ ប្រសើរជាងព្យាបាល។
« នៅក្នុងដំណាក់ កាលនេះដែរ ប្រមុខរាជរដ្ឋាភិ បាលលោកកំពុងតែជំរុញការស្រាវជ្រាវវ៉ាក់សាំងជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវនិរន្តរភាព នៃការរស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីរបស់យើង ដើម្បីចៀសវាងនៃការផ្ទុះ នៃជំងឺកូវីដ១៩ ដែលនេះគឺជាការត្រឹមត្រូវល្អពិតប្រាកដហើយ ក៏ប៉ុន្តែយើងក៏យើងត្រូវគិតទៅមុខដែរ នៅក្នុងការត្រៀមលក្ខណៈជាបន្តទៀត នៅពេលមាន ហេតុការណ៍ណាមួយដែលអាចកើតឡើងនូវការផ្ទុះចេញនូវការឆ្លងនូវជំងឺណាមួយទៀត ជាពិសេសយើងមិនត្រូវភ្លេចទេ ជំងឺឆ្លងគឺវាឆ្លងយើងងាយស្រួលរកឃើញនោះទេ ប៉ុន្តែជំងឺមិនឆ្លងក៏វាកើនឡើងដោយស្ងាត់ស្ងៀមនៅសុខៗក៏កើតទៅជាជំងឺមហារីក ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមជាដើម ដូច្នេះមន្រ្តីជំនាញទាំងអស់ ក៏ដូចជាសហគមន៍ គឺលោកអាចចូលរួមចំណែកនៅក្នុងការការពារបាន កាត់បន្ថយបានជាអតិបរិមានូវហានិភ័យដែលបង្កឱ្យមានជំងឺមិនឆ្លង។ ដូច្នេះការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ លោកយល់ដឹងនូវវិធីសាស្ត្រនៃការការពារជំងឺដង្កាត់ផ្សេងៗ ក្នុងហ្នឹងមានទាំងជំងឺឆ្លង និងជំងឺមិនឆ្លងនេះ នៅតែជាកត្តាមួយដែលសំខាន់ចាំបាច់សម្រាប់ការ ចូលរួមរបស់សហគមន៍ នៅក្នុងពេលនេះ»។
នាឱកាសនោះ លោកស្រី លី អាយលែន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា (WHO) បានឱ្យដឹងដែរថា ការពង្រឹងការចូលរួមរបស់សហគមន៍នៅក្នុងការ ថែទាំសុខភាពបឋម គឺជាវិធីមួយដ៏មានប្រសិទ្ធភាពដើម្បីបង្ការជំងឺផ្សេងៗនៅក្នុងសហ គមន៍មូលដ្ឋាន។ តម្រូវការសម្រាប់ការថែទាំបឋម ត្រូវកាត់បន្ថយនៅពេលមានជំងឺកាន់តែតិចជាងមុន និងមានសុខភាពល្អប្រសើរឡើង។
លោកស្រីបញ្ជាក់ទៀតថា អង្គការសុខភាពពិភពលោក នឹងបន្តក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលជាតិលើក កម្ពស់សុខភាព ដើម្បីពង្រឹង និងពង្រីកកិច្ចខិតខំប្រឹងប្រែងមានស្រាប់ដែលបាននិងកំពុងជំរុញឱ្យមានការចូលរួមរបស់សហគមន៍ ទាំងអស់គ្នា យើងមានគោលដៅអភិវឌ្ឍប្រព័ន្ធមួយជារបស់សហគមន៍ ដែលមាននិរន្តរភាព សម្រាប់ជំរុញការចូលរួម និងផ្តល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ដើម្បីរៀនសូត្រ សម្របខ្លួន និងអនុវត្តវិធានការការពារបានត្រឹមត្រូវឈានទៅទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ១៩ និងជំងឺផ្លូវដង្ហើមផ្សេងទៀត៕