ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង អំពាវនាវឲ្យរួមគ្នា រក្សាឲ្យបាននូវតម្លៃពុទ្ធសាសនា ដើម្បីធានាឲ្យមានសុខដុមរមនាទាំងផ្លូវចិត្ដ និងផ្លូវកាយនៅក្នុងសង្គម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន ប្រសាសន៍ថា យើងទាំងអស់ចាំបាច់ត្រូវរួបរួមគ្នា ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងមិត្តភាពសាមគ្គីភាពជំហររឹងមាំ សម្រាប់រក្សាបាននូវតម្លៃពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយព្រះបរមពុទ្ធឱវាទ ឲ្យបានទូលំ ទូលាយដល់ស្រទាប់មនុស្សគ្រប់វ័យ ។
ក្នុងពិធីថ្វាយគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមប្រឹក្សារដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី១៦ មិថុនា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ពុទ្ធសាសនាបានបង្រៀនមនុស្ស ឲ្យចេះរស់នៅក្នុងសន្តិភាព ជាមួយគ្នាទៅវិញ ទៅមក ឲ្យចេះគោរពជំនឿទាំងឡាយរបស់អ្នកដទៃ ឲ្យចេះគោរពស្រឡាញ់ និងផ្តល់កិត្តិយសដល់ឪពុកម្ដាយ ចាស់ទុំរៀមច្បងជាដើម ។
សម្ដេចក្រឡាហោមបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការឧបត្ថម្ភគាំទ្រ យ៉ាងពេញទំហឹងដល់ព្រះពុទ្ធសាសនា តាំងពីអតីត កាលរហូតដល់បច្ចុប្បន្ន ដើម្បីធានាបាននូវភាពរុងរឿង និងភាពរឹងមាំនៃវិស័យពុទ្ធចក្រ ឲ្យដើរទន្ទឹមវិស័យអាណាចក្រ ៕