នៅព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ រួមជាមួយមន្ត្រីបច្ចេកទេស អញ្ជើញចុះទៅពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់វិមាន ជ័យជម្នះរបស់ខេត្តកំពង់ចាម ដែលបានសាងសង់នៅចំណុចផ្លូវជាតិលេខ៧ចាស់ (មុខសួន សាធារណវិទ្យាល័យអប់រំពិសេស) ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បន្ទាប់ពី បានបើកការដ្ឋានសាងសង់នៅកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដែលមកដល់ ពេលនេះសម្រេចបានប្រមាណជាង៥០ ភាគរយហើយ។
ការសាងសង់វិមានឯករាជ្យសម្រាប់ខេត្តនេះ គឺដើម្បីទុកជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ ជាកន្លែង សម្រាប់ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិ សម្រាប់ខេត្ត ក្នុងន័យរម្លឹកដល់គុណបំណាច់របស់វីរយុទ្ធជន យុទ្ធនារី ដែលបាន លះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុ និងប្រជាជនកម្ពុជាហើយក៏ជាសម្បត្តិវប្បធម៌ ទេសចរណ៍របស់ខេត្ត ក្នុងការធ្វើឱ្យភោជនភណ្ឌទីក្រុងមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តមានកាន់តែច្រើន និងក៏ដើម្បីចូលរួម ចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវពន្លឿនការសាងសង់ ធានាបានគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានស្តង់ដារបច្ចេកទេសនៃសំណង់រឹងមាំបានគង់វង្ស យូរអង្វែង ហើយត្រូវជ្រុងនៃការសាងសង់ទៅតាមផែនការដែលបានគ្រោងទុក មុនថ្ងៃខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ០៩វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ និងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ៕