យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសហ្វីលីពីន (DoH) បានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីន គឺជាការបង្ហាញពីការចាប់ផ្តើមនៃការផ្ទុះឡើងរលកថ្មីនៃការឆ្លងជំងឺរាតត្បាតនេះ។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងមើលឃើញនូវនិន្នាការស្រដៀងគ្នាទៅនឹងអ្វីដែលបានកើតឡើងកាលពីក្នុងខែកញ្ញា ឆ្នាំ២០២១ និងកាលពីក្នុងខែមករា ឆ្នាំ២០២២។
ប្រទេសនេះបានរាយការណ៍ពីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃទី១៥ ខែមករា ដោយមានករណីឆ្លងថ្មីចំនួន ៣៩ ០០៤នាក់។
ក្រសួង DOH បានកត់ត្រាករណីឆ្លងថ្មីប្រមាណ ២ ៤៥៨នាក់នៅទូទាំងប្រទេសកាលពីសប្តាហ៍មុន ដោយកើនឡើង ៧០ភាគរយពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ប្រទេសហ្វីលីពីនបានឃើញនូវរលកនៃការផ្ទុះការឆ្លងជំងឺកូវីដ-១៩ ចំនួនបួនដងចាប់តាំងពីជំងឺរាតត្បាតបានវាយប្រហារប្រទេសនេះកាលពីក្នុងខែមករា ឆ្នាំ២០២០។ ប្រទេសហ្វីលីពីនបានចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់ប្រជាជនជាង ៧០លាននាក់៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)