ទីភ្នាក់ងារព័ត៌មានរ៉យទ័របាននិយាយកាលពីថ្ងៃអង្គារដោយដកស្រង់ពីប្រភពមួយថា សហភាពអឺរ៉ុបកំពុងពិចារណាពីឱកាសនៃការដាក់ចេញទណ្ឌកម្មទាក់ទងនឹងមាសរបស់រុស្ស៊ី។
យោងតាមប្រភពនោះបានឱ្យដឹងថា គណៈកម្មការអឺរ៉ុបកំពុងធ្វើការងារទៅលើការដាក់បញ្ចូលមាសរបស់រុស្ស៊ីទៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីដែលអាចនឹងកើតមាន។ រហូតមកដល់ពេលនេះ វាមិនទាន់ច្បាស់ទេថា តើវិធានការនេះនឹងអនុវត្តប្រឆាំងនឹងការនាំចូលមាសរបស់រុស្ស៊ីដោយសហភាពអឺរ៉ុប ឬប្រឆាំងនឹងការប្រគល់លោហៈធាតុទៅកាន់ប្រទេសរុស្ស៊ី។
សារព័ត៌មានរ៉យទ័របាននិយាយថា កិច្ចខិតខំប្រឹងប្រែងនៃការដាក់ទណ្ឌកម្មទាំងនោះត្រូវបានគេរំពឹងថានឹងបន្តនៅដើមសប្តាហ៍នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋសហភាពអឺរ៉ុបដែលនឹងធ្វើឡើងនៅទីក្រុងម៉ាឌ្រីដពីថ្ងៃទី២៣-២៤ ខែមិថុនា៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី)