ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមរំលែកទុក្ខ និងនាំចូលអំណោយមនុស្សធម៌ជូនគ្រួសារសពចំនួន ២ នាក់ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំសំបួរមាស ស្រុកមុខកំពូល
ខេត្តកណ្តាល ។
មានប្រសាសន៍ទៅកាន់គ្រួសារសព ដោយក្ដីអាណិតអាសូរ និងអាឡោះអាល័យជាពន់ពេក លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរ និងសោកស្ដាយជាទីបំផុត។
លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ទន្ទឹមនឹងនោះលោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ ចំពោះគ្រួសារសពទាំងពីរ ដែលបានបាត់បង់សាច់ញាតិ និងកូនៗទីស្រឡាញ់បំផុត ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលយើងគ្រប់គ្នាមិនបានដឹងមុន ដូចនេះលោកនាយកសាខា ក៏បានសូមឱ្យគ្រួសារសពទាំងពីរ កាត់ចិត្ត ព្រោះរឿងទាំងអស់នេះវាបានកើតឡើងរួចទៅហើយ ហើយក៏សូមឱ្យតខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។ មនុស្សដែលប្រតិភូសាខា បាទឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធរបស់សវទាំងពីរ ទៅកាន់សុខគតិភព។
លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានខ្យល់កន្រ្តាក់មួយយ៉ាងខ្លាំង កណ្ដាលបណ្ដាលឱ្យរងផលប៉ះពាល់ដល់ភូមិចំនួន ៣ ក្នុងឃុំសំបូរមាស បណ្ដាលឱ្យផ្ទះចំនួន ៨៣រងផលប៉ះពាល ក្នុងនោះ ១២ខ្នងផ្ទះខូចខាតទាំងស្រុង ១៦ខ្នងផ្ទះខូខខាតធ្ងន់ធ្ងរ និង៥៥ខ្នងផ្ទះខូចខាតដោយអន្លើ ព្រមទាំងបណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ៣នាក់រងរបួស និងស្លាប់ចំនួន២នាក់។
អំណោយដែលសាខាបានផ្ដល់ជូនគ្រួសារសពទាំង២គ្រួសារក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ២យួរ ,ទឹកសុទ្ធ ២កេស ,ម៉ាស ២ប្រអប់ ,ជែល ២ដប ទឹកក្រូច ២កេស និងថវិកា១លានរៀល ។