សារលិខិតថ្វាយព្រះពរ ឯកឧត្ដម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ទូលព្រះបង្គំយើងខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម និងក្នុងនាម ឯកឧត្តមផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ សូមព្រះបរមជានុញ្ញាតលំឱនកាយ ថ្វាយព្រះសព្ទសាធុការ មហាប្រសើរ និងសូមសម្ដែងនូវអំណរសាទរ យ៉ាងក្រៃលែង ប្រកបដោយភក្ដីភាព ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៦ យើងចូល ៨៧ព្រះវស្សា ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ ។
ក្នុងសារលិខិតបានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏នក្ខត្តឫក្ស វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវកត្តញ្ញូតាធម៌ ដ៏ស្មោះស្ម័គ្របំផុត ចំពោះ សម្ដេចព្រះមហាក្សត្រី ដែលកន្លងមក ទ្រង់បានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណប្រកបដោយព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបំពេញ ព្រះរាជតួនាទី ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ ការបរទេស និងសាសនា ដើម្បី ភាពសុខសាន្ត របស់ប្រជារាស្ត្រខ្មែរ ។ ក្នុងព្រះរាជសកម្មភាព ជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ព្រះអង្គបានចូលរួមចំណែក យ៉ាងធំធេង នៅក្នុងការដោះស្រាយទុកលំបាក របស់ប្រជាពលរដ្ឋ លើកកម្ពស់តួនាទីស្ត្រី ក្នុងសង្គមកម្ពុជា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បី ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង ដល់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងកិរិណីទេវី បារមី នៃព្រះវិញ្ញាណក្ខ័ន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពេ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្លៃថ្លា ព្រះរាជសុខភាពបរិបូណ៍ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បី ទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គ និងសូមសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រមទាំង ព្រះញាតិវង្ស សាវង្ស សូមប្រកបដោយ ព្រះពុទ្ធពរទាំង ៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
គូសបញ្ជាក់ផងដែរថា នាឱកាសប្រារព្ធពិធីចម្រើនព្រះជន្ម នេះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បាននិមន្តព្រះសង្ឃ ចំនួន ០៩អង្គ ដើម្បី ចំរើនព្រះបរិត្ត និងសូត្រពុទ្ធជ័យមង្គល ថ្វាយដល់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិ នាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកីថ្លៃថ្នូរ និងសុភមង្គល ផងដែរ ៕