ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រមាណ៨០០ នាក់
ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែល បានចុះពិនិត្យ ព្យាបាល ចែកថ្នាំពេទ្យឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ចំនួន ១២លើក មានប្រជាពលរដ្ឋចូលរួមប្រមាណ ៧ម៉ឺននាក់។ ក្នុងនោះ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៩១៥ នាក់ បានចុះពិនិត្យ ព្យាបាល ប្រជាពលរដ្ឋ ក្នុងស្រុកស្អាង បានប្រមាណ ៩,៧៥៦នាក់។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ វាយតំលៃខ្ពស់ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលខិតខំអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលឲ្យសម្រេចបានលទ្ធផល ជាច្រើនគួរជាទីមោទនៈ លើការអប់រំសុខភាព ការពិនិត្យព្យាបាល និងយន្តការគាំពារសុខភាពជូនប្រជាពលរដ្ឋ ដែលទទួលបាននូវភាពរីកចម្រើនជាលំដាប់។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងជិត១០ឆ្នាំមកហើយ ដោយឈរលើ បេសកកម្មមនុស្សធម៌សុទ្ធសាធ ដែលស្ដែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក លើបញ្ហាសុខភាពដែលជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ – សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ឯកឧត្តមបន្តថា នាថ្ងៃនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែល មានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សានៅក្រៅប្រទេស និងក្រុមគ្រូពេទ្យ ឯកទេសទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលក្នុងនោះមាន៖ ជំងឺទូទៅ អប់រំសុខភាពជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ និងមានការបង្រៀនអំពី វិធីសាស្ត្រសង្គ្រោះបឋម ជាដើម។ល។