ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានលើកឡើងថា កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិរបស់អ្នកដទៃ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីជួបជុំអាហារសាមគ្គីយុវជនសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើមឆ្នាំ២០២២ ដែលជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ក្នុងការខិតខំប្រឹងប្រែងបំពេញការងារក្នុងរយៈពេលកន្លងមកនេះ និងមានស្នាដៃល្អ ហើយកម្មវិធីនេះបានរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាសាល ដឹ ហ្រ្គេន ធឺរេស ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរដល់សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលបានជួយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាច្រើនរូប ។ ឯកឧត្តមបានជម្រាបជូនថា បច្ចុប្បន្ននេះ មានសារព័ត៌មាន បែបប្រពៃណី និងសារព័ត៌មានសម័យថ្មី សារព័ត៌មានអេឡិចត្រូនិក កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ មានចំនួនច្រើន រហូតដល់គេយល់ថា ជាការបាត់បង់សារព័ត៌មាន ប្រពៃណី ដោយរំលេចឡើងនូវសារព័ត៌មាន អេឡិកត្រូនិក។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា តែការយល់ឃើញដូច្នេះ មិនមែនជាការពិតនោះទេ ព្រោះថានៅក្នុងសម័យនេះ សារព័ត៌មានបោះពុម្ព បានថយចុះ រហូតកាសែតខ្លះបានបិទទ្វារ។ ប៉ុន្តែខ្លះទៀតនៅដំណើរការ ហើយមានការរីកចម្រើន តែមិនមែនលើផ្នែកបោះពុម្ពផ្សាយនោះទេ គឺលើផ្នែកផ្សាយតាមប្រព័ន្ធ អនឡាញ ដែលបានបង្ហាញពីការសម្របខ្លួនតាមការវិវឌ្ឍនៃបច្ចេកវិទ្យា។
ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា ដូច្នេះអ្វីដែលសំខាន់ គឺការបំពេញការងារស្របតាម វិជ្ជាជីវៈសារព័ត៌មាន និងសរសេរផ្សព្វផ្សាយ នូវរឿងរាវ ព័ត៌មាន ជាច្រើនដែលបានកើតមានឡើង និងមានអ្នកវិភាគព្រឹត្តការណ៍សំខាន់ៗ ប្រចាំអង្គភាពនីមួយៗ ទើបដំណើរការបាន រហូតមកដល់បច្ចុប្បន្ននេះ ។ ឯកឧត្ដមបានអះអាងថា សារព័ត៌មាន ដែលអាចដំណើរការបានយូរអង្វែង គឺត្រូវមានព័ត៌មានច្រើន ដើម្បីឱ្យអ្នកមើលបានដឹងរឿងច្រើន ។ អ្នកកាសែតដែរពូកែ ត្រូវហ៊ានហែលបញ្ជាស់ទឹក មានន័យថា អាចសរសេរព័ត៌មាន ដែលធ្វើយ៉ាងណាដែលគេមិនយល់ឱ្យ ដឹងយល់បាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន មានសារៈសំខាន់ណាស់ដែលអាចធ្វើឱ្យយើងរស់បាន ក្នុងស្ថានភាពវិវត្ដន៍នៃបច្ចេកវិទ្យា និងការវិវត្ដនៃសង្គម ។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់អ្នកសារព័ត៌មានត្រូវចាំថា សីលធម៌ គឺជាអាវ ក្រោះ សម្រាប់អ្នកសារព័ត៌មាន ហើយក្រសួងព័ត៌មាន បានខិតខំលើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌ បានកាន់តែល្អ ព្រោះថា ព័ត៌មាន ធ្វើឱ្យសង្គមដើរបានល្អ មានសុខដុមរមនា ក្នុងសង្គម និងមានការរីកចម្រើន ។ សម្រាប់សង្គមប្រជាធិបតេយ្យ គឺព័ត៌មាន មានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ សម័យនេះ ត្រូវតែមានការចូលរួម ពីប្រជាជន អាស្រ័យមានព័ត៌មាន គ្រប់គ្រាន់ ហើយអ្នកផ្តល់ព័ត៌មានអោយ គឺអ្នកសារព័ត៌មាន នេះឯង។
លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានធ្វើរបាយការណ៍ជម្រាបជូនថា កាលពីអំឡុងខែ មីនា ឆ្នាំ២០២២កន្លងមកនេះ សមាគមបានរៀបចំវគ្គបណ្តុះបណ្តាល ជូនអ្នកសារព័ត៌មាន និងយុវជន ចំនួន ២៨៧ នាក់ មានរយៈពេល ០៣វគ្គ និងបានបន្តធ្វើកម្មសិក្សាចុះតាមបណ្តាខេត្ត រយៈពេល ១៤ថ្ងៃ ក្នុងខែមេសា ឆ្នាំ២០២២ ក្នុងនោះសិក្ខាកាម (ស្រីចំនួន ៨៧នាក់ និងប្រុស ២០០នាក់) ។លោកបានបន្ដថា សម្រាប់ឱកាសនៃពិធីជួបជុំអាហារសាមគ្គី នាពេលនេះ មានការអញ្ជើញចូលរួម ភ្ញៀវជាអ្នកសារព័ត៌មាន ចំនួន ៣៩៤ នាក់ មកពីបណ្តាអង្គភាពចំនួន ៤២ អង្គភាព និងភ្ញៀវកិត្តិយសប្រមាណ ជាង ១០០នាក់។
បើតាមលោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាបានបញ្ជាក់ពីជំហរខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសិលា វេទិកា ឱ្យបានញឹកញាប់ និងស្វែងរក គ្រូបង្ហាត់ខ្មែរ និងបរទេស ដែលមានបទពិសោធន៍ខ្ពស់លើវិស័យព័ត៌មានមកបង្រៀនជូនអ្នកសារព័ត៌មាន និងព្យាយាមធ្វើការទំនាក់ទំនងជាមួយដៃគូក្រៅប្រទេស ដើម្បីផ្ដល់ឱកាសបញ្ជូនអ្នកសារព័ត៌មាន ឆ្នើមចូលរួមសិក្សានៅក្រៅប្រទេសផងដែរ។
លោកប្រធានសមាគមបានបន្ថែមថា នេះជាការចូលរួមចំណែកពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព លើវិស័យសារព័ត៌មានកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្ត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕