មន្ទីរកសិកម្មខេត្ត មណ្ឌលគិរីបានផ្តល់បច្ចេក ទេសកសិកម្មថ្មីៗដល់ប្រជា កសិករ ពិសេសបងប្អូនជន ជាតិដើមភាគតិចពីតាមរបៀបកសិកម្មបែបទំនើបដើម្បីឱ្យដំណាំលូតលាស់ល្អចំណាយតិចចំណេញច្រើនដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានប្រាប់វិទ្យុជាតិកម្ពុជាថា ខេត្ត មណ្ឌលគិរី គឺជាខេត្តមួយដែលដីមានជីជាតិល្អសម្រាប់ការដាំដុះដំណាំគ្រប់ប្រភេទមានរសជាតិឆ្ងាញ់ប្លែកពីខេត្តដទៃហើយទទួលបានការគាំ ទ្រច្រើនពីអ្នកបរិភោគដូច្នេះប្រជាពលរដ្ឋភាគច្រើនបានប្រកបមុខរបរធ្វើកសិកម្មសម្រាប់បង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។
លោកបន្តថា ដោយមើលថាវិស័យកសិកម្មដើរតួនាទីសំខាន់សម្រាប់ជួយសេដ្ឋកិច្ចប្រជាពលរដ្ឋមន្ទីរកសិកម្មខេត្ត បានបង្ហាត់បង្ហាញបច្ចេកទេសកសិកម្មថ្មីដល់កសិករពិសេសបងប្អូនជនជាតិដើមភាគតិចឱ្យបានយល់ដឹងច្រើនពីការជ្រើសរើសពូជ របៀបរៀបចំដីមុននឹងដាំ របៀបតប្រព័ន្ធស្រោចស្រពនិងរបៀបមើលថែផ្សេងៗ ដោយចំណាយថវិកាតិច ចំណេញពេលច្រើន កាត់បន្ថយកម្លាំងពលកម្ម និងទទួលបានផលលឿន។
«អ៊ីចឹងយើងមានកម្មវិធីការធន់ទ្រាំនឹងប្រែប្រួលអាកាសធាតុគម្រោងកសិកម្មពិពិធកម្មកម្មវិធីនិងគម្រោងទាំងអស់នេះនិងកម្មវិធីរបស់មន្ទីរសុទ្ធតែបានរួមចំណែកបណ្ដុះបណ្ដាលប្រជាកសិកររួមទាំងបងប្អូនជនជាតិដើមភាគតិចនៅក្នុងមូលដ្ឋានដែរ ព្រោះខេត្តមណ្ឌលគិរីបងប្អូនជនជាតិដើមភាគតិចស្ទើរតែ ៨០ភាគរយនៅមូលដ្ឋាន។
ដូច្នេះកម្មវិធីទាំងអស់សុទ្ធតែមានការចូលរួមបណ្ដុះបណ្ដា លបងប្អូនជនជាតិដើមភាគ តិចនៅតាមមូលដ្ឋាន អ៊ីចឹងពួកគាត់កាន់តែមានសមត្ថ ភាពចំណេះដឹងទាក់ទងជាមួយការផលិត ការដាំ ការចិញ្ចឹមជាមួយការដាំដុះ ។ យើងធ្វើការជាមួយបងប្អូនកសិករតាមរយៈបណ្ដុះ បណ្ដាលធ្វើបទបង្ហាញយើងបានផ្ដល់នូវធាតុចូលកសិកម្មមួយចំនួនដូចជាផ្ទះសំណាញ់និងធាតុចូលផ្សេងៗដើម្បីធ្វើឱ្យគាត់មានចំណេះដឹងកាន់តែធំពាក់ព័ន្ធជាមួយនឹងការដាំដំណាំ »។
លោកបន្តទៀតថា មន្ទីរកសិកម្មខេត្ត ក៏បានជំរុញឱ្យកសិករបង្កើនការយកចិត្តទុក ដាក់ខ្ពស់លើការផលិតនូវផលិតកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀង ដោយអនុវត្តន៍តាមបច្ចេកវិទ្យាកសិកម្មថ្មី ស្របតាមស្តង់ដារ ប្រកបដោយគុណភាព សុវត្ថិ ភាព និងការប្រកួតប្រជែង។
លោកប្រធានមន្ទីរបន្ថែមថា ស្ថានភាពអាកាសធាតុឥឡូវ នេះ មានការប្រែប្រួលច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មដំណាំផ្សេងៗរបស់ប្រជាកសិករដូច្នេះប្រជាពល រដ្ឋដែលមានបញ្ហាទាក់ទងជាមួយនឹងដំណាំទាំងអស់សូមរាយការណ៍មកកាន់មន្ទីរកសិកម្មខេត្តក្នុងការចុះអន្តរា គមន៍ ក៏ដូចជួយផ្ដល់យោបល់បានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការខូតខាតធ្ងន់ធ្ងរ នៃផល ដំណាំរបស់ប្រជាកសិករ៕