អ្នកជំនាញកសិកម្ម នឹងលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្ដខិតខំដាំដុះដំណាំបន្លែសុវត្ថិភាពតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាដល់ការផ្ដត់ផ្គង់តម្រូវការទីផ្សាះឱ្យមាននិរន្ដរភាព។ លោក ប៉ុង សំណាង ប្រធានបច្ចេកទេសសម្រាប់ដំណោះស្រាយសាកវប្បកម្ម របស់ក្រុម ហ៊ុនអេកូអាហ្រ្គិសិនធ័រ «Eco Agri Center» បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងនាមលោកដែលមាន បទពិសោធន៍ជាង១២ឆ្នាំខាងផ្នែកកសិកម្មនេះ គឺវិស័យកសិកម្មជាវិស័យចម្បងមួយសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេស។ លោកបន្ដថា ខណៈពេលបច្ចុប្បន្ន អាកាសធាតុមានអំណោយផល មានប្រភពស្រោចស្រព និងកត្តាដីមានជីជាតិល្អ ជាកត្ដាជំរុញឱ្យការងារកសិកម្ម ដូចជាការចិញ្ចឹមសត្វពាហនៈ ចិញ្ចឹមត្រី ធ្វើស្រែចម្ការ និងនេសាទត្រី ជាផ្នែកមួយនៃមុខរបរចម្បងរបស់ប្រជាជនខ្មែរ ជាពិសេសការដាំដុះបន្លែ ។ក្រៅពីជួយបង្កើនប្រាក់ចំណូល វាជាប្រភពផ្តល់នូវអាហារូបត្ថម្ភសម្បូរបែប និងជាចំណែកមួយក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីផងដែរ។
លោកប្រធានបច្ចេកទេស បានបន្ដថា បច្ចុប្បន្នបើយើងក្រឡេកទៅមើលវិស័យឯកជន មានការកើនឡើងគួរឱ្យកត់សម្ពាល់ ដូចជាក្រុមហ៊ុនចែក ចាយសម្ភារៈកសិកម្ម ដេប៉ូកសិកម្មតាមខេត្តនិងតំបន់ ចំនួនហាងលក់បន្លែ ដូចជា Green shops និងផ្សារទំនើប ជាមួយកត្តាកម្រិតជីវភាពរបស់ប្រជាជនមានការកើនឡើងជាបន្ដបន្ទាប់ និងទទួលបានពីការអប់រំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហាសុខភាព បញ្ហាដែលប៉ះពាល់ដល់សុខភាពដោយសារធាតុពុលពីការនាំបន្លែពីខាងក្រៅចូល ដូចនេះទាំងអស់នេះ ជាសញ្ញាវិជ្ជមានសម្រាប់បងប្អូនប្រជាកសិករដែលមានមុខរបរដាំដុះបន្លែ ដើម្បីជំរុញនិងលើកទឹកចិត្តខ្លួនឯងដាំដុះបន្លែឱ្យបានច្រើន ឱ្យមានគុណភាពល្អ មានសុវត្ថិភាព ត្រូវស្តង់ដារ ដើម្បីប្រកួតប្រជែងបន្លែនាំចូល។ « បើទោះបីជាបរិបទកូវីដបានធ្វើឱ្យមានផលប៉ះពាល់ជាច្រើនគ្រប់វិស័យ និងបង្កឱ្យមានឱនភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅតំបន់ក៏ដោយ ប៉ុន្តែវាក៏បានផ្តល់នូវតម្លៃឱកាសមួយដែលបានមកពីការបិទខ្ទប់ ការចលនា និងការនាំចូលបន្លែ។
ដូច្នេះសម្រាប់បងប្អូនយើង វាជាពេលដែលធ្វើការបង្កើនការងារធ្វើស្រែចម្ការ និងដាំបន្លែ ដើម្បីផ្គត់ផ្គង់និងបំពេញតម្រូវការទីផ្សារបន្លែដែលខ្វះខាតនៅក្នុងប្រទេស។
ដោយមានការជ្រោមជ្រែងជាច្រើនពីវិស័យឯកជន ភ្នាក់ងារអភិវឌ្ឍន៍ និងជាពិសេសរាជរដ្ឋាភិបាល បានជួយគាំពារទៅលើបច្ចេកទេសដាំដុះ ការងារប្រមូលផល និងក្រោយការប្រមូលផល ភាពជាដៃគូនិងសហគ្រិនភាព ការផ្តល់ជម្រើសទីផ្សារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នជនបទជាច្រើនដូចជាផ្លូវ ថ្នល់ ទឹក ដើម្បីធ្វើយ៉ាងណាឱ្យមានការផលិតផ្គត់ផ្គង់មាននិរន្តរភាព ប្រកបដោយគុណភាព សុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ សម្រាប់ទីផ្សារក្នុងស្រុក និង នាំចេញផងដែរ»។
អ្នកជំនាញកសិកម្មរូបនេះបានលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករ បន្ត និងបង្កើនការងារដាំដុះបន្ថែមឱ្យបានកាន់តែច្រើនឡើងៗ ព្រោះការងារដាំដុះបន្លែនេះ មិនត្រឹមតែបង្កើនប្រាក់ចំណូលទេ តែវាកាត់បន្ថយការចំណាយការទិញបន្លែ ជាពិសេសបានបន្លែហូបស្រស់ៗ មានគុណភាព និងទទួលបានសុខភាពសម្រាប់ខ្លួន និងបរិស្ថានផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអេកូអាហ្រ្គិសិនធ័រ មានដាំបន្លែគ្រប់មុខសម្រាប់តម្រូវការទីផ្សារ ដូចជា បន្លែស្លឹក រួមមាន ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខ្មៅ សាលាដ ត្រកួន ស្ពៃក្រញាញ់ , បន្លែផ្លែ រួមមាន ប៉េងប៉ោះ ម្ទេស សណ្តែកកួរ សណ្តែកបារាំង ពោត ពោតបារាំង (អូក្រា) ឪឡឹក ត្រសក់ ននោង , បន្លែមើម រួមមានឆៃថាវ ការ៉ុត ដំឡូងជ្វា និងដំណាំរួមផ្សំដទៃទៀតជាច្រើន មាន ខ្ញី ខ្ជាយ រមៀត ផ្កាឡៃហៀង ជាដើម ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពគ្មានជាតិគីមីជូនប្រជាពលរដ្ឋ៕