ត្បូងឃុំ៖នាព្រឹកថ្ងៃ ចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមគ្រួសារ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមានៅវត្តមេមត់ ក្នុងស្រុកមេមត់ និងវត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ត្រូវខិតខំការពារ ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ <<ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ>>។
សូមបញ្ជាក់ថា៖ ទៀនព្រះវស្សានិងគ្រឿងឧបភោគ បរិភោគ ដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៅវេរប្រគេនវត្តមេមត់ និងវត្តត្រពាំងផ្លុង ក្នុង១វត្តទៀនព្រះវស្សា១គូ សាដក៩ អង្ករ២០០គីឡូក្រាម មី១កេសធំ ត្រីខ១កេសធំ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកសុទ្ធ៥កេស ទឹកដោះគោ១០កំប៉ុង ភេសជ្ជៈបាកាស២កេស ទឹកក្រូច៥កេស អំបិល១០គីឡូក្រាម និងបច្ច័យមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត និងលោកជំទាវ បានឧបត្ថម្ភអង្ករចំនួន៨០០គីឡូក្រាមបន្ថែមពីលើគ្រឿងឧបភោគ បរិភោគ ជូនដល់វត្តត្រពាំងផ្លុង ក្នុងស្រុកពញាក្រែកផងដែរ៕