ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកនាយករដ្ឋបាលសាលាក្រុង តំណាងកងកម្លាំងទាំង៣ក្នុងក្រុង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យសាលាក្រុង លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង លោក លោកស្រីនាយកសាលា លោក ប្រធានមណ្ឌលសុខភាព ក្នុងសង្កាត់ស្វាយរៀង លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀងអាណត្តិចាស់ និងអាណត្តិថ្មី លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ក្នុងសង្កាត់ តំណាងគណបក្សនយោបាយ អង្គការ អង្គភាពក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋសង្កាត់ស្វាយរៀង សរុបវត្តចូលរួមចំនួន ៨០នាក់។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានស្នើឲ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នេះ ក៏ដូចជាគណបក្សនយោបាយនានា និង ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងារប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតនិងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។
ឯកឧត្តមបន្តថា ចំពោះអស់លោក-លោកស្រី ដែលទើបជាប់ឆ្នោតថ្មី និងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។
ដូច្នេះសូម លោក-លោកស្រី ទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។
ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានានូវក្នុងឱកាសនេះ៕