ត្បូងឃ្មុំ៖នាព្រឹកថ្ងៃ ពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ ចំនួន ១១០ គ្រួសារ មកពីភូមិចំនួន០៤ រួមមាន ៖ ភូមិបីពៃ ភូមិជួរកណ្តាល ភូមិម៉ឺននង់ និងភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ។
ពិធីចែកអំណោយនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសមាជិក-សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមស្រុក និងលោក-លោកស្រីប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រព្រឹត្តនៅក្នងបរិវេណសាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះពីរ ស្ថិតនៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូ យកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានគ្រប់ទីកន្លែង។
ឯកឧត្តមបណ្ឌិត មានប្រសាសន៏លើកឡើងថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលទុក្ខចោលប្រជាពលរដ្ឋឱ្យទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និង ងាយរងគ្រោះ ដែលតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា និងទៅចាក់វ៉ាក់សាំងដូសជម្រុញអោយបានគ្រប់ៗគ្នា។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង១១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១ កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ១០កំប៉ុង និងថវិកា ២០,០០០ រៀល ផងដែរ។ ដោយឡែកឯកឧត្តមបណ្ឌិត និងលោកជំទាវ បានឧបត្ថម្ភស៊ីម៉ង់ដ៍ចំនួន ១០ តោន ដល់សាលាអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះពីរ ផ្តល់ថវិកាមួយចំនួន ដល់លោក-អ្នកគ្រូ បង្រៀន និង ក្រុមគ្រូពេទ្យផងដែរ ៕