នាព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែកក្ដដា ឆ្នាំ២០២២នេះ
ឯកឧត្ដម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារមរតក ប៊ុន សាងលី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្លែង ស្ថិតនៅឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំង មន្រ្តីរាជការ សិស្សានុសិស្ស ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋក្នុងខេត្តតាកែវ ទាំងអស់ ដែលតែងជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះ សម្តេចតេជោ ហ៊ុន សែន និងសូមបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះតទៅមុខទៀត ដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង ទៅថ្ងៃអនាគត។ ដោយរួមសុខ រួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈគ្រោះថ្នាក់ ក៏ដូចជាការបង្កើត និងធានានិរន្តភាព នៃឱកាសសម្រាប់បន្តអភិវឌ្ឍ គឺជាសមិទ្ធផលដ៏ធំធេងបំផុត ដែលគណបក្សប្រជាជនកម្ពុជា បានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងអ្នកជំនាន់ក្រោយៗតទៅទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលនានាក្នុងវត្តស្លែង នាពេលនេះគឺកើតឡើងពីការចូលរួមបរិច្ចាគធនធាន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក សូមធ្វើការកោតសរសើរ និងសូមថ្លែងអំណរព្រះគុណ អរគុណគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំលះបង់ យកអស់កម្លាំងព្រះកាយ ព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធាន ក្នុងការគ្រប់គ្រង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរហូតកសាងបានព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តស្លែង ដែលយើងកំពុងប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ៕